បច្ចុប្បន្ន ខ្ញុំជាអ្នកសម្របសម្រួលកម្មវិធីអប់រំនៅសាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាកន្លែងដែលខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអប់រំ ឯកទេសភាសាអង់គ្លេស។ សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង ខ្ញុំបានទទួលឱកាសចូលរួមព្រឹត្តិការណ៍អប់រំជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ដោយសារកម្មវិធីអប់រំ និងគ្រូបង្រៀនប្រកបដោយគុណភាពរបស់សាកលវិទ្យាល័យបានធ្វើឱ្យខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងថ្នាក់អន្តរជាតិដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរ ការសិក្សារយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ L’Aquila  ប្រទេសអ៊ីតាលី ក្រោមគម្រោងរបស់សហគមន៍អ៊ឺរ៉ុប។ នៅសាកលវិទ្យាល័យជាតិបាត់ដំបង និស្សិតទាំងអស់ទទួលបានការអប់រំផ្អែកលើទ្រឹស្តី និងអនុវត្តផ្ទាល់ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ មិនត្រឹមតែប៉ុណ្ណោះ សាកលវិទ្យាល័យបានបំពាក់នូវគ្រឿងឧបទ្ទេសសម្រាប់គាំទ្រការរៀន និងបង្រៀនដូចជា      បណ្ណាល័យទំនើប បន្ទប់រៀនមានផាសុកភាព ជាមួយនឹងសាលកុំព្យូទ័រទំនើបៗ ដែលបានធ្វើឱ្យនិស្សិតមានអារម្មណ៍កក់ក្តៅដូចនៅក្នុងផ្ទះរបស់ខ្លួននៅពេលកំពុងសិក្សា។ វិថីនៃការសិក្សារបស់ខ្ញុំមិនត្រូវបានបញ្ចប់នៅថ្នាក់បរិញ្ញាបត្រឡើយ ដោយការជឿជាក់លើសាកលវិទ្យាល័យជាតិបាត់ដំបង ខ្ញុំបានចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅទីនេះដដែល។ វាមិនមែនជារឿងចែដន្យ ប៉ុន្តែជាលទ្ធផលដែលបានមកពីការអប់ដែលមានគុណភាពនៅសាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបង ខ្ញុំបានទទួលអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំទៅសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាសុរៈណារី ព្រះរាជាណាចក្រថៃ។

“ជាមួយនឹងការអប់រំប្រកបដោយគុណភាព និងទំនួលខុសត្រូវសង្គម ខ្ញុំសូមណែនាំសាកលវិទ្យាល័យជាតិបាត់ដំបងសម្រាប់ការសិក្សានូវថ្នាក់ឧត្តមសិក្សារបស់និស្សិតគ្រប់រូប”