នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ដោយសហការជាមួយមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបងបានរៀបចំសិក្ខាសាលាមួយលើប្រធានបទ “ការត្រៀមលក្ខណៈសម្បត្តិប្រឡងក្របខ័ណ្ឌថ្មី មន្ត្រីរាជការស៊ីវិលនិងអត្ថប្រយោជន៍ មន្ត្រីរាជការស៊ីវិលរហូតដល់ចូលនិវត្កន៍” ដែលធ្វើបទបង្ហាញដោយ លោក ងួន យូរ ដែលជាប្រធានមន្ទីរមុខងារសាធារណៈខេត្តបាត់ដំបងផ្ទាល់។ ក្នុងកម្មវិធីសិក្ខាសាលានេះមាននិស្សិតចូលរួមប្រមាណជិត ៤០០ នាក់ ដែលមានច្រើនជំនាញដូចជាជំនាញនីតិសាស្ត្រ ជំនាញរដ្ឋបាលសាធារណៈ និងអភិបាលកិច្ច ជំនាញសេដ្ឋកិច្ច និងពន្ធដារ ជំនាញអក្សរសាស្ត្រខ្មែរ ជំនាញអភិវឌ្ឍន៍សហគមន៍ និងតំបន់ ជំនាញចិត្តវិទ្យា ជំនាញសេដ្ឋកិច្ច និងវិទ្យាសាស្ត្រទិន្នន័យ និងសេដ្ឋកិច្ចកសិកម្ម និងជំនាញផ្សេងៗទៀត ពីឆ្នាំទី១ ដល់ ឆ្នាំទី៤។ សិក្ខាសាលានេះធ្វើនៅសាលសន្និសិទ្ធមហានគរមានរយៈពេល៣ម៉ោង ដោយមានការចោតសួរ និងឆ្លើយយ៉ាងច្រើនដោយមានការចាប់អារម្មណ៍សំណាក់និស្សិតជាច្រើនជំនាញដែលមានបំណងចង់ក្លាយជាមន្ត្រីរាជការនាពេល អនាគត។ ជាចុងបញ្ចប់ និស្សិតបានបង្ហាញនូវតម្រូវការចង់ឱ្យមានសិក្ខាសាលាបែបនេះបន្តទៀតដើម្បីស្វែងយល់ពីបទពិសោធន៍ ក៍ដូចជានីតិវិធី និងយន្តការជាក់លាក់ដើម្បីអាចប្រឡងជាប់ចូលធ្វើការងារជាមន្ត្រីរាជការ និងរបៀបរបប និងអត្ថប្រយោជន៍ដែលមន្ត្រីរាជការអាចទទួលបានពេលបម្រើការងាររហូតដល់ចូលនិវត្តន៍។





