នារសៀលថ្ងៃសៅរិ័ ៧ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ទាក់ទងនឹងអាហារូបករណ៍ក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យដៃគូ» លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
សិក្ខាសាលានេះរៀបចំឡើងដោយមានគោលបំណងផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីអាហារូបករណ៍របស់សាកលវិទ្យាល័យ។លោកឯកឧត្តមសាកលវិទ្យាធិការបានលើកឡើងនូវទំនាក់ទំនងជាច្រើនដែលសាកលវិទ្យាល័យជាតិបាត់ដំបងមានជាមួយដៃគូ ឱកាសអាហារូបករណ៍ និងបានផ្ដល់ដំបូន្មានអំពីសារៈប្រយោជន៍នៃការសិក្សានៅក្រៅប្រទេស។
លោកស្រី តាន់ សូលីដា ប្រធានការិយាល័យអន្តរជាតិ បានចែករំលែកទិន្នន័យអំពីអាហារូបករណ៍តាមប្រភេទ ដូចជា ប្រទេសដៃគូ ចំនួនបុគ្គលិក និងសិស្សចេញ និងចូល គោលដៅរបស់ការិយាល័យ និងព័ត៌មានផ្សេងទៀត។
ក្រៅពីនេះ សិស្សអាហារូបករណ៍ចំនួន ២រូប ដែលបានត្រឡប់មកពីការសិក្សានៅប្រទេសអាល្លឺម៉ង់ និងកំពុងត្រៀមចេញទៅបន្តការសិក្សានៅអ៊ីតាលី ត្រូវបានអញ្ជើញចូលរួម និងបានចែករំលែកបទពិសោធន៍ក្នុងការទទួលអាហារូបករណ៍។
សិក្ខាសាលានេះមានអត្រាអ្នកចូលរួម ៤០០ នាក់ ដែលមានមន្ត្រី បុគ្គលិក និងសិស្ស ដែលភាគច្រើនបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានសួរសំណួរជាច្រើនក្នុងការស្វែងរកឱកាសទទួលអាហារូបករណ៍ផ្ទាល់ខ្លួន។







