នាថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “លទ្ធផលវាយតម្លៃគ្រូបង្រៀនសម្រាប់ឆមាសទី១ ឆ្នាំសិក្សា២០២៤-២០២៥” និង “កម្មវិធីចែកប័ណ្ណសរសើរជូនបង្រៀនដែលទទួលបាននិទ្ទេសល្អណាស់ និងល្អ សម្រាប់ឆមាសទី១ ឆ្នាំសិក្សា២០២៤-២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលសម្របសម្រួលរៀបចំដោយការិយាល័យធានាគុណភាពផ្ទៃក្នុង ។
វត្ថុបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះ រួមមាន៖
១. ពិនិត្យលទ្ធផលនៃការវាយតម្លៃគ្រូបង្រៀន នាឆមាសទី១ ឆ្នាំសិក្សា២០២៤-២០២៥
២. លើកផែនការកែលម្អគុណភាពគ្រូបង្រៀនតាមរយៈលទ្ធផលនៃការវាយតម្លៃគ្រូបង្រៀន ពីសំណាកនិស្សិត អង្គភាពបណ្ដុះបណ្ដាល និងគ្រូសាមី
បន្ទាប់ពីសិក្ខាសាលានេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំ កម្មវិធីចែកប័ណ្ណសរសើរជូនបង្រៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងគោលបំណងលើកទឹកចិត្តគ្រូបង្រៀនដែលមានស្នាដៃល្អក្នុងការអនុវត្តតួនាទីភារកិច្ចលើការបង្រៀនក្នុងឆមាសទី១ ឆ្នាំសិក្សា២០២៤-២០២៥ គ្រូបង្រៀនដែលទទួលបាននិទ្ទេសល្អណាស់មានចំនួន១៣រូប និងនិទ្ទេសល្អមានចំនួន៥២រូប។ សាកលវិទ្យាល័យជាតិបាត់ដំបងតែងតែយកចិត្តទុកដាក់លើគុណភាពនៃការបង្រៀនជាអាទិភាព ដើម្បីធានាថានិស្សិតពិតជាទទួលបាននូវការអប់រំដែលឆ្លើយតបនឹងតម្រូវការរបស់និស្សិត និងទីផ្សារជាតិ និងអន្តរជាតិ តាមរយៈការប្រើប្រាស់វិធីសាស្ត្រ PDCA: Planning, Doing, Checking, and Acting និងវប្បធម៌នៃការពង្រឹងគុណភាពជាប្រចាំ។




