នៅរសៀលថ្ងៃពុធ ១២ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកជំទាវ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី លោកគ្រូ អ្នកគ្រូ បុគ្គលិក និស្សិត និងសាធារណៈជនយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ មានការរៀបចំកម្មវិធីវប្បធម៌ជាច្រើន រួមមានការលេងល្បែងប្រជាប្រិយ ដូចជា លាក់កន្សែង វាយក្អម លោតបាវ និងល្បែងប្រពៃណីជាតិផ្សេងៗទៀតជាច្រើន។ លើសពីនេះ មានការសម្តែងរបាំប្រពៃណី និងការរាំចង្វាក់ប្រពៃណី ដែលសម្តែងដោយក្រុមសិល្បៈនិស្សិតស.ស.យ.ក. ដែលបានញ៉ាំងឱ្យបរិយាកាសពោរពេញដោយភាពរីករាយ។










