សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានសហការជាមួយអង្គការមូលនិធិអាសុី (The Asia Foundation) ក្នុងមូលនិធិនវានុត្តន៍ពន្លកចំណេះដែលផ្តល់ជំនួយដោយស្ថានទូតអូស្ត្រាលី បានទទួល និងអនុវត្តន៍គម្រោង “ការអភិវឌ្ឍន៍ប្រព័ន្ធនវានុវត្តន៍តំបន់ ក្នុងការសហការគ្នា រវាងសាកលវិទ្យាល័យ អាជ្ញាធរខេត្ត មន្ទីរក្រសួងពាក់ព័ន្ធ និងឧស្សាហកម្មនៅខេត្តបាត់ដំបង ដើម្បីកសាងនូវប្រព័ន្ធចម្រុះនៃនវានុវត្តន៍ដែលភ្ជាប់ទំនាក់ទំនងរវាងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅភូមិភាគពាយ័ព្យ។ គម្រោងនេះបានរៀបចំសិក្ខាបណ្តុះបណ្តាល “ការអភិវឌ្ឍការគ្រប់គ្រង និងបច្ចេកវិទ្យា” សម្រាប់សហគ្រាសនៅភមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលនឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។ សិក្ខាបណ្តុះបណ្តាល ការអភិវឌ្ឍការគ្រប់គ្រង និងបច្ចេកវិទ្យា សម្រាប់សហគ្រាស បានផ្តល់មុខវិជ្ជាចំនួន១០ មានដូចជាការលក់ និងទីផ្សារ ផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រងធនធានមនុស្សសម្រាប់អភិវឌ្ឍ បច្ចេកវិទ្យា ការគ្រប់គ្រងហិរញ្ញវត្ថុ ការកសាងសមត្ថភាពក្រុមហ៊ុន ការធ្វើសមាហរណកម្មយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មានទៅក្នុងយុទ្ធសាស្ត្រអាជីវកម្ម ការអនុវត្តផលិតកម្ម និងអភិវឌ្ឍសំបកវេចខ្ចប់សម្រាប់ផលិតផលគុយទាវ ប្រហិត និងជ្រក់បន្លែ និងការអនុវត្តកសិកម្មល្អ។ ការអនុវត្តសិក្ខាសាលាបណ្តុះបណ្តាលនេះបានជួយអភិវឌ្ឍន៍សមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងកសិករ ចំនួន ៧០ ក្នុងវិស័យកសិកម្ម វិស័យកែច្នៃអាហារ វិស័យលក់រាយ និងវិស័យភោជនីយដ្ឋាន និងសណ្ឋាគារ ដែលអាចផលិតផលិតផល និងសេវាកម្មដែលមានគុណសម្បត្តិប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ គម្រោងនេះបានជួយពង្រឹងវប្បធម៌សហការគ្នារវាងសាកលវិទ្យាល័យ អជ្ញាធរមូលដ្ឋានខេត្ត មន្ទីរក្រសួងពាក់ព័ន្ធ និងឧស្សាហកម្មដើម្បីជំរុញការអភិវឌ្ឍការស្រាវជ្រាវរួមគ្នា និងរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នាដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងបច្ចេកវិទ្យាសម្រាប់សហគ្រាសក្នុងស្រុកក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។











