នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០រសៀល សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌន្ឍនភាពការងារ គិតរហូតដល់ត្រីមាសទី១ និង របាយការណ៍ហិរញ្ញវត្ថុ គិតក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នាឱកាសដ៏វិសេសវិសាលនេះ បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី វឌ្ឍនភាពការងារ និងរបាយការណ៍អនុវត្តថវិកាប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់សាកលវិទ្យាល័យដោយឯកឧត្ដមសាកលវិទ្យាធិការរួចមក ឯកឧត្ដមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដ៏សម្បូរបែបរបស់សាកលវិទ្យាល័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងគ្រូបង្រៀនទាំងអស់នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការអនុវត្តកំណែទម្រង់យ៉ាងសកម្ម, ការប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ពង្រឹងប្រព័ន្ធដឹកនាំនិងគ្រប់គ្រង, ការអនុវត្តផែនការយុទ្ធសាស្ត្រ, ការបង្កើតទស្សនាវដ្ដីស្រាវជ្រាវនិងយន្តការជំរុញការស្រាវជ្រាវ (មូលនិធិបណ្ដុះការស្រាវជ្រាវ-NUBB Seed Grant), ការបង្កើតគណៈកម្មការនិងប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរឹងមាំ, ការតាមដានស្ថានភាពមានការធ្វើរបស់និស្សិតក្រោយបញ្ចប់ការសិក្សា, ការរៀបចំកិច្ចព្រមព្រៀងលទ្ធផលប្រចាំឆ្នាំនិងវាយតម្លៃទៀងទាត់, ប្រព័ន្ធបណ្ណាល័យអេឡិកត្រូនិក, ម៉ូបែលអ៊ែប, ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការបង្កើតកម្មវិធីថ្មីក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងកសិកម្ម ការអនុវត្តកម្មវិធីអប់រំតាមបែបការអប់រំផ្អែកលើលទ្ធផល (Outcome-based education) និងការកសាងអគារថ្មីបម្រើឱ្យការបង្រៀន រៀន និងស្រាវជ្រាវ។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដល់មតិផ្ដាំផ្ញើ ដើម្បីសាកលវិទ្យាល័យជាតិបាត់ដំបងបន្តអភិវឌ្ឍន៍ដើម្បីបង្កើនកិត្យានុភាព គុណភាព និងការឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រួមមាន ១) ចាប់ដៃគូជាមួយសាកលវិទ្យាល័យជាតិដែលមានបទពិសោធដើម្បីបន្តពង្រឹងកម្មវិធីសិក្សា ទស្សនកិច្ចសិក្សាឯកទេស បន្តការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍស្តង់ដាល្អៗ បង្កើតជាប្រព័ន្ធអេកូឡូស៊ី បង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រដើម្បីផ្តល់យោបល់ និងចែករំលែកបទពិសោធ (២) បន្តបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត (PhD) ដោយសហការជាមួយនឹងសាកលវិទ្យាល័យក្នុងស្រុកដែលមានគុណភាព ឬសាកលវិទ្យាល័យអន្តរជាតិនានា ក្នុងរូបភាពជាការបណ្ដុះបណ្ដាលរួមគ្នា, រៀបចំកម្មវិធី Joint Degree ជាមួយសាកលវិទ្យាល័យបរទេសសម្រាប់ថ្នាក់អនុវបណ្ឌិតលើមុខវិជ្ជាសេដ្ឋកិច្ច និងច្បាប់ (៣) សហការជាមួយសកលវិទ្យាល័យទាំងក្នុងស្រុក និងក្រៅស្រុក (៤) លើកកម្ពស់ការងារស្រាវជ្រាវ និងបោះពុម្ភផ្សាយ (៥) ផ្តល់ឋានន្តរសក្តិដល់សាស្ត្រាចារ្យដែលបានសិក្សាស្រាវជ្រាវជោគជ័យ (៦) បង្កើតក្រុមការងារបន្តការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មី AI ក្នុងវិស័យអប់រំ (៧) បង្កើតកម្មវិធី Competency-Based Training (CBT) កម្រិតមធ្យម និងឧត្តម។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ស្និតស្នាល និងភាពជឿជាក់៕

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *