(បាត់ដំបង)៖ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារទទួលបន្ទុកការពារផលប៉ះពាល់បរិស្ថាន និងសង្គម នៃអគ្គនាយកដ្ឋានឧត្តមសិក្សា នាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងសំណង់ ព្រមទាំងធនាគារពិភពលោក បានចុះមកពិនិត្យទីតាំងដែលគ្រោងសម្រាប់សាងសង់អាគារសិក្សាថ្មី ក្នុងបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងគោលបំណងធ្វើការវាយតម្លៃជាលើកដំបូងអំពីផលប៉ះពាល់នានាដែលអាចកើតឡើងកំឡុងមុនពេលសាងសង់ កំឡុងពេលសាងសង់ និងក្រោយពេលសាងសង់អាគារ។ នៅក្នុងសកម្មភាពចុះពិនិត្យនេះ ត្រូវបានរៀបចំបែងចែកជាសកម្មភាពចំនួនពីរ ដោយក្រុមការងារទទួលបន្ទុកការរចនាអាគារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើបទបង្ហាញសង្ខេបស្តីពីស្ថានភាពបច្ចុប្បន្ននៃទីតាំងដែលជ្រើសរើស ក៏ដូចជាគំនិតនៃការរចនាប្លង់នៃអាគារសិក្សាថ្មីជាមុន មុននឹងឈានទៅដល់ការចុះពិនិត្យទីតាំងគ្រោងនឹងសាងសង់នៅទីតាំងជាក់ស្តែង។ ក្រោយពីបញ្ចប់ការពិនិត្យទីតាំង ក្រុមការងារទទួលបន្ទុកការពារផលប៉ះពាល់បរិស្ថាន និងសង្គមបានផ្តល់ជាអនុសាសន៌មួយចំនួនដើម្បីជាទស្សទានសម្រាប់សាកលវិទ្យាល័យក្នុងការត្រៀមរៀបចំផែនការការពារបរិស្ថាន ដែលជាកិច្ចការងារបន្ទាប់។







