នាថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ការិយាល័យធានាគុណភាពផ្ទៃក្នុង នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តសៀវភៅណែនាំស្ដីពីការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្ដមសិក្សា និងកម្រិតកម្មវិធីអប់រំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។ កម្មវិធីបណ្ដុះបណ្ដាលនេះធ្វើបទបង្ហាញដោយវាគ្មិនជំនាញមកពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា រួមមាន ឯកឧត្ដមបណ្ឌិតផ្ទាល់ លោក និន្ទ សុភា និងលោក ហម សុហាក់។វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បំពាក់បំប៉នសមត្ថភាពមន្ត្រីបច្ចេកទេសទទួលបន្ទុកអនុវត្តកម្មវិធីអប់រំក្នុងការអនុវត្តការងារធានាគុណភាព ដើម្បីធានាផ្ដល់ជូននិស្សិតនូវកម្មវិធីអប់រំដែលមានគុណភាពឆ្លើយតបនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងអន្តរជាតិ។
វត្ថុបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ រួមមាន៖
១. ពន្យល់អំពីគោលបំណង សារៈសំខាន់ និងដំណើរការនៃអនុវត្តស្ដង់ដានិងសូចនាករថ្មីកម្រិតគ្រឹះស្ថាន និងកម្រិតកម្មវិធីអប់រំ
២. រៀបចំផែនការវាយតម្លៃ និងឧបករណ៍ប្រមូលនិងវិភាគទិន្នន័យទាំងបីមុំ រួមមាន ឯកសារ សម្ភាសន៍ និងសង្កេត
៣. ចងក្រងព័ត៌មាន ស្ថិតិ ទិន្នន័យ និងឯកសារភស្តុតាងគាំទ្រសូចនាករ និងស្ដង់ដានីមួយៗ
៤. សរសេររបាយការណ៍ស្វ័យវាយតម្លៃកម្រិតគ្រឹះស្ថាន និងកម្រិតកម្មវិធីដោយផ្អែកតាមសៀវភៅណែនាំថ្មី
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានការធ្វើបទបង្ហាញអំពី៖ ១. ឧបករណ៍សម្រាប់ការវាយតម្លៃ និង២. ទម្រង់នៃការរៀបចំសរសេររបាយការណ៍ស្វ័យវាយតម្លៃ ព្រមទាំងការផ្ដល់លំហាត់អនុវត្តសម្រាប់សិក្ខាកាម គឺការសរសេររបាយការណ៍ស្វ័យវាយតម្លៃ និងការផ្ដល់ជាមតិកែលម្អទៅលើរបៀបសរសេរ។





