នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គណៈប្រតិភូធនាគារពិភពលោក និងអគ្គនាយកដ្ឋានឧត្ដមសិក្សា ដែលដឹកនាំដោយ លោក គ្រីស្ទៀន អៃដូ (Mr. Cristian Aedo), the World Bank Practice Manager for the East Asia and Pacific Region of the Education Global Practice និងលោកស្រីបណ្ឌិត ងួន សុខចេង បានចុះទស្សនកិច្ចអគារពិសោធន៍ស្ទែម និងបន្ទប់ពិសោធន៍ផ្នែកវិស្វកម្មសំណង់ស៊ីវិល ផ្នែកបណ្ដាញ ផ្នែកសរសេរកម្មវិធី ផ្នែកអគ្គិសនីនិងអេឡិកត្រូនិក ផ្នែកសាកវប្បកម្ម និងផ្នែកកែច្នៃអាហារ ព្រមទាំងបានជួបសំណេះសំណាលជាមួយនិស្សិតដែលកំពុងសិក្សានិងស្រាវជ្រាវ មន្ត្រី និងបុគ្គលិកទទួលបន្ទុក។ ការចុះទស្សនកិច្ចនេះជាលើកទី២ បន្ទាប់ពីការចុះទស្សនកិច្ចលើកទី១ របស់លោកស្រី Tania Meyer នាយកគម្រោងប្រចាំប្រទេស (Country Manager) នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានជួបសំណេះសំណាលនិងបង្ហាញអំពីបទពិសោធន៍នៃការអនុវត្តគម្រោងកែលម្អឧត្ដមសិក្សា និងសមិទ្ធផលសំខាន់នានា ដូចជា កំណើនចំនួននិស្សិតជាពិសេសនិស្សិតនារី ការកែលម្អនិងអនុវត្តកម្មវិធីអប់រំដែលបានកែលម្អក្នុងគម្រោង អត្រាមានការងារធ្វើរបស់និស្សិតដែលបានបញ្ចប់ការសិក្សា ការអភិវឌ្ឍសមត្ថភាពមន្ត្រីនិងបុគ្គលិក លទ្ធផលស្រាវជ្រាវ ការកសាងសំណង់អគារពិសោធន៍ស្ទែម និងអគារបណ្ដុះបណ្ដាលនិងស្រាវជ្រាវកសិកម្ម គម្រោងសំណង់ថ្មីសម្រាប់ការរៀននិងថ្នាលបណ្ដុះអាជីវកម្ម ការរៀបចំផែនការត្រៀមអនុវត្តគម្រោងកែលម្អឧត្ដមសិក្សាទី២។ លោក គ្រីស្ទៀន អៃដូ (Mr. Cristian Aedo) បានបង្ហាញចំណាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រកបដោយភាពជាម្ចាស់និងទំនួលខុសត្រូវខ្ពស់រហូតឈានសម្រេចបាននូវសមិទ្ធផលនិងការផ្លាស់ប្ដូរប្រកបដោយវិជ្ជមាននិងផ្លែផ្កា។ លោកក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ ធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យឯកទេសបច្ចេកវិទ្យានិងឌីជីថល ដើម្បីជំរុញការប្រើប្រាស់កម្មវិធីបញ្ញាសម្បនិម្មិតទៅក្នុងកម្មវិធីអប់រំ ការបង្រៀន និងរៀន និងស្រាវជ្រាវ ដើម្បីឱ្យស្របតាមនិន្នាការបច្ចេកវិទ្យាអប់រំ។ លោកក៏បានកោតសរសើរចំពោះការផ្សារភ្ជាប់រវាងសាកលវិទ្យាល័យនិងវិទ្យាល័យនានាដើម្បីផ្ដល់ព័ត៌មានអំពីការជ្រើសរើសជំនាញដែលត្រឹមត្រូវសម្រាប់សិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលជាគំរូមួយដ៏ល្អនៅក្នុងការបង្កើនអត្រាចូលរៀនថ្នាក់ឧត្ដមសិក្សាប្រកបដោយសមធម៌។ បន្ថែមលើនេះ អ្នកជំនាញការអប់រំរបស់ធនាគារពិភពលោក ក៏បានបង្ហាញការគាំទ្រចំពោះ គំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមសាកលវិទ្យាធិការ លើការបង្កើតពន្លកមូលនិធិសម្រាប់ការស្រាវជ្រាវ ដែលនឹងសម្រេចដាក់ឱ្យអនុវត្តនាក្នុងឆ្នាំ២០២៥នេះ ដែលជាសញ្ញាណវិជ្ជមានមួយក្នុងការជំរុញកំណើនលទ្ធផលស្រាវជ្រាវដែលអាចបម្រើឱ្យការអភិវឌ្ឍន៍និងរីកចំរើននៃសង្គមសេដ្ឋកិច្ចនៅក្នុងតំបន់និងជាតិ។ ជាចុងក្រោយ លោកស្រីបណ្ឌិត ងួន សុខចេង ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រឥតឈប់ឈររបស់ធនាគារពិភពលោកនៅក្នុងការជួយជ្រោមជ្រែងអភិវឌ្ឍន៍អនុវិស័យឧត្ដមសិក្សា ក៏ដូចជាវិស័យអប់រំទាំងមូល និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់សាកលវិទ្យាល័យជាតិបាត់ដំបង។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារពិភពលោក និងអគ្គនាយកដ្ឋានឧត្ដមសិក្សាបានបញ្ចប់នាថ្ងៃខែឆ្នាំ វេលាម៉ោង១២រសៀល ប្រកបដោយភាពស្និតស្នាល និងផ្លែផ្កាសម្រាប់ការត្រៀមបន្តអនុវត្តគម្រោងកែលម្អឧត្ដមសិក្សាទី២។












