នៅរសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយធនាគារ កម្ពុជា អាស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ម៉ក់ រិទ្ធវិរដ្ឋ នាយកសាខា តំណាងឲ្យ លោកស្រី ឃឹម ម៉ូលីកា នាយកប្រតិបត្តិការ និងសហការីនៃធនាគារ កម្ពុជា អាស៊ី។ ការចុះអនុស្សរណៈនៃការយោគយល់នេះមានគោលបំណងលើកកម្ពស់ និងអនុវត្តភាពជាដៃគូរវាងធនាគារ កម្ពុជា អាស៊ី និងសាកលវិទ្យាល័យជាតិបាត់ដំបង ដែលនាំមកនូវផលប្រយោជន៍រយៈពេលវែងសម្រាប់ភាគីទាំងពីរ ទាំងបុគ្គលិក និងនិស្សិត ព្រមទាំងចែករំលែកចំណេះដឹងពីបទពិសោធន៍ជាក់ស្តែងនៃវិស័យហិរញ្ញវត្ថុផងដែរ។ លើសពីនេះ និស្សិតនឹងមានឱកាសហាត់ការ និងឱកាសការងារនៅធនាគារ កម្ពុជា អាស៊ី ដែលជួយពង្រឹងបទពិសោធន៍ និងលទ្ធភាពអាជីពនាពេលអនាគត។









