នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសំណុំឯកសារស្នើសុំមូលនិធិគម្រោងស្រាវជ្រាវ និងដាក់ឱ្យដំណើរការប្រើប្រាស់មូលនិធិស្រាវជ្រាវដែលមានឈ្មោះថា “ពន្លកមូលនិធិ ស.ជ.ប.ដ.” ឬ “NUBB SEED GRANT” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាកលវិទ្យាធិការបានលើកឡើងពីមូលនិធិស្រាវជ្រាវ ដែលសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការផ្តល់ជាមូលនិធិគ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវរបស់មន្រ្តីអប់រំ និងលោកគ្រូ អ្នកគ្រូ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ហើយនាថ្ងៃអនាគតអាចបន្តផ្តល់មូលនិធិស្រាវជ្រាវដល់និស្សិតផងដែរ។ ដោយឡែកការផ្តល់មូលនិធិនេះ គឺបានផ្តោតលទ្ធផលរំពឹងនៃការស្រាវជ្រាវដែលមានបីប្រភេទ គឺ
ទី១៖ លទ្ធផលនៃការស្រាវជ្រាវសម្រាប់គាំទ្រ និងបង្កើនសមត្ថភាពរៀន និងបង្រៀន
ទី២៖ លទ្ធផលនៃការស្រាវជ្រាវត្រូវបានផ្សារភ្ជាប់តម្រូវការទីផ្សារការងារ និងការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច
ទី៣៖ លទ្ធផលនៃការស្រាវជ្រាវដែលភ្ជាប់ជាមួយតម្រូវការទីផ្សារ និងការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច បានប្រើប្រាស់ដោយគ្រឹះស្ថានឧត្តមសិក្សា និងឧស្សាហកម្ម។
លើសពីនេះ ទំហំនៃមូលនិធិស្រាវជ្រាវ គឺមានចាប់ពី ១៦ លានរៀល ដល់ ៤០ លានរៀល ដែលអាចជួយដល់ការងារស្រាវជ្រាវដើម្បីឆ្លើយតបទៅសង្គម និង សេដ្ឋកិច្ច។ ក្រៅពីនេះសាកលវិទ្យាល័យនឹងលើកទឹកចិត្តចំពោះស្នាដៃបោះពុម្ភអត្ថបទស្រាវជ្រាវក្នុងមួយអត្ថបទ ៥០ ម៉ឺនរៀលផងដែរ។




