នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សិស្សសាលាពន្លឺប៉ៃលិន (Bright Pailin School) មកពីខេត្តប៉ៃលិនដែលឧបត្ថម្ភដោយអង្គការពន្លឺសហគមន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណង ដើម្បីបំផុសស្មារតីសិស្សឱ្យចេះស្រឡាញ់ការសិក្សារៀនសូត្រ ចេះធ្វើស្វ័យសិក្សា និងមានបំណិនសតវត្សទី២១ ជាពិសេសលើមុខវិជ្ជាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម និងការអនុវត្តផ្ទាល់នៅក្នុងមន្ទីរពិសោធន៍នានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ ទស្សនកិច្ចសិក្សានេះមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សសរុបចំនួន ៥៣នាក់។






