បាត់ដំបង, ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ – លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសនៅកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យជាតិបាត់ដំបងដែលជាផ្នែកនៃផែនការការិយាល័យរយៈពេល១០០ថ្ងៃរបស់លោកស្រី។ ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោងកែលម្អការអប់រំឧត្តមសិក្សា ព្រមទាំងគណៈប្រតិភូនៃអគ្គនាយកដ្ឋានឧត្តមសិក្សាបានរួមដំណើរទស្សនកិច្ចនេះផងដែរ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងវាយតម្លៃការគាំទ្រដែលផ្តល់ដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សាដល់សាកលវិទ្យាល័យជាតិបាត់ដំបង ពិនិត្យឡើងវិញនូវលទ្ធផលគម្រោងសំខាន់ៗ វាយតម្លៃតម្រូវការសម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សាទីពីរដែលមានសក្តានុពល និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រនាពេលអនាគតរបស់សាកលវិទ្យាល័យ។
នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកស្រី Tania Meyer បានទស្សនាបន្ទប់ពិសោធន៍ និងថ្នាក់រៀននៅក្នុងអគារ STEM ដោយបានស្ថាបនាឡើងដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា។ លោកស្រីបានជជែកជាមួយនិស្សិតអំពីមុខជំនាញសិក្សា បំណងប្រាថ្នា និងអនាគតការងាររបស់ពួកគេ ហើយលោកស្រីក៏បានជជែកស្វែងយល់ជាមួយលោកគ្រូ អ្នកគ្រូអំពីមុខវិជ្ជាសិក្សា និងវិធីសាស្រ្តបង្រៀនផងដែរ។
លោកស្រីចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចូលរួមកាន់តែច្រើនឡើងរបស់និស្សិតនារីផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឯកទេសសរសេរកូដ និងសរសេរកម្មវិធី ព្រមទាំងផ្នែក កសិកម្ម និងកែច្នៃអាហារ។ លើសពីនេះទៀត លោកស្រីចាប់អារម្មណ៍ពីអ្នកគ្រូបង្រៀនដែលបានអភិវឌ្ឍសមត្ថភាពជំនាញរបស់ខ្លួនពីគ្រូបង្រៀននៅវិទ្យាល័យ រហូតក្លាយទៅជាគ្រូបង្រៀន និងថ្នាក់ដឹកនាំនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ និងការរួមចំណែករបស់ពួកគេចំពោះការអប់រំ ឧត្តមសិក្សា។
លោកស្រី Tania Meyer បានសម្តែងនូវការកោតសរសើរចំពោះផលជៈនៃការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា ជាពិសេសវឌ្ឍនភាព និងកាលានុវត្តភាពនៃការអប់រំក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ លោកស្រីបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ឧត្តមសិក្សានៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង និងការពង្រឹងកិច្ចសហការសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគត។
គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អការអប់រំឧត្តមសិក្សាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន និងកិត្តិស័ព្ទរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ សាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាសរុបចំនួន ៧៦៣១ នាក់។ សាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យរដ្ឋឈានមុខគេនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលទទួលបានការជឿទុកចិត្ត និងទំនុកចិត្តពីនិស្សិត មាតាបិតា និងសាធារណជន។













