(បាត់ដំបង)៖សាកល​វិទ្យាល័យ​ជាតិបាត់ដំបង​បានប្រារព្ធពិធីអប​អរសាទរខួបប្រាំឆ្នាំ​នៃការ​បង្កើត​​វិទ្យាស្ថានខុងជឺនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងឯកឧត្តម សឿម ប៊ុនរិទ្ធ  អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ពិធីនេះក៏មានការចូលរួមជាអធិបតីដោយ លោកឧត្តមសេនីយ៍ទោ លឹម គុណវុឌ្ឍ មេបញ្ជាការរងនៃយោធភូមិភាគទី៥ តំណាងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី ហេង ចន្ទថា ស្នងការរង តំណាងឯកឧត្តមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង           លោក ជួន សេដ្ឋា នាយកមជ្ឈមណ្ឌលអន្តរជាតិន័រវេស (Northwest International Center ) តំណាងថ្នាក់រៀនភាសាចិនទាំង២៤ ទីតាំង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សិស្សានុសិស្ស និស្សិត ភ្ញៀវកិត្តិយស​ជាតិ និងអន្តរជាតិប្រមាណជា៥០០នាក់ចូលរួមផងដែរ។  

ឯកឧត្តម សឿម ប៊ុនរិទ្ធ  អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ប្រទេសកម្ពុជានិងប្រទេសចិនជាមិត្តភក្តិយូរអង្វែងជាប្រវត្តិសាស្រ្ត និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។​ ប្រទេសយើងទាំងពីរបានក្លាយទៅជាមិត្តដែកថែប និងមិត្តត្បូងពេជ្រ។ ហេតុដូ​ច្នេះហើយ ទំហំវិនិយោគទុនចិនស្ថិតនៅលំដាប់លេខរៀងទីមួយនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស បច្ចុប្បន្ននេះមានក្រុមហ៊ុនវិនិយោគចិនជាច្រើនកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង និងតំបន់ភូមិភាគពាយព្យទាំងមូល។

ឯកឧត្តមបានមានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងសូមសម្តែងនូវការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានសម្រេចបានក្នុងរយៈពេលប្រាំឆ្នាំ។ វិទ្យាស្ថាននេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលមូលធនមនុស្សលើជំនាញភាសាចិន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពគន្លឹះ ចំនួន៥ រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។

ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យសិស្ស និងនិស្សិតទាំងអស់ប្រឹងប្រែងរៀនសូត្រភាសាចិនបន្ថែមលើមុខវិជ្ជាភាសាបរទេសដទៃទៀត ដោយសារភាសាចិននឹងមានឱកាសទីផ្សាការងារខ្ពស់ និងទទួលបានប្រាក់បៀវត្សច្រើនពីព្រោះមានក្រុមហ៊ុនវិនិយោគទុនជាច្រើននៅក្នុងប្រទេសកម្ពុជា។ ក្មួយៗនិស្សិតមិនត្រូវមានទស្សនអវិជ្ជមាន ឬយល់ខុសអំពីភាសាចិនថាជាភាសាអាណានិគម ដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព និងការទូតរវាងប្រទេសយើងទាំងពីរ។ យុវជនយើងត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌ខ្ពស់ ដោយចៀសវាងនូវអំពើអបាយមុខគ្រប់ប្រភេទដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អដែលជាធនធានជាតិដ៏មានតម្លៃនាពេលបច្ចុប្បន្នទៅអនា    គត។ លើសពីនេះទៅនេះ យុវជនមិនត្រូវធ្លាក់ក្នុងការអូសទាញ ការញុះញង់មូលបង្កាច់លាបពណ៌ពីជនណាម្នាក់ដែលនាំឱ្យប្រទេសជាតិយើងធ្លាក់ក្នុងគ្រោះមហន្តរាយ និងសោកនាដកម្មដូចដែលយើងទាំងអស់គ្នាបានឆ្លងកាត់នៅក្នុងប្រវត្តិសាស្រ្តរបស់យើង។ ក្មួយៗជាយុវជនទាំងអស់ត្រូវរួមគ្នារក្សាសុខសន្តិភាព ដែលថ្នាក់ដឹកនាំរបស់យើងខិតខំរកបានដោយលំបាកលំបិន។ សន្តិភាពនាំយើងទៅការអភិវឌ្ឍជាតិលើគ្រប់វិស័យ​ប្រកបដោយចីរភាព និងឧត្តមភាពនៅលើឆាកអន្តរជាតិ។

លោកជួន សេដ្ឋា នាយកមជ្ឈមណ្ឌលអន្តរជាតិណ័រវ៉េស្ទ និងសាលារៀន ម៉េង ហួ ណ័រវ៉េស្ទក្រុងប៉ោយប៉ែតតំណាងឱ្យថ្នាក់រៀនភាសាចិនទាំង២៤ទីតាំងបានមានប្រសាសន៍ចំណាប់អារម្មណ៍ថាវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានជួយជ្រុំជ្រែងបំពេញភារកិច្ចសំខាន់ៗដូចជា៖ ការបង្រៀនភាសាចិន ការប្រឡងភាសាចិនអន្តរជាតិ ការបណ្ដុះបណ្ដាលគ្រូជនជាតិខ្មែរដើម្បីបង្រៀនភាសាចិន ការផ្លាស់ប្ដូរភាសា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងស្ពានមិត្តភាព និងធ្វើការផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក្នុងនាមជាប្រទេសធ្លាប់មានប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏រុងរឿងយូរអង្វែងជាមួយគ្នា។ លោកបានគូសបញ្ជាក់ទៀតថាតាងនាមថ្នាក់រៀនភាសាចិនទាំង២៤ទីតាំង លោកសូមថ្លែងអំណរគុណដល់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានបញ្ជូនគ្រូបង្រៀនភាសាចិនមកបង្រៀននៅតាមទីតាំងទាំងអស់តាមសំណូមពរ និងតម្រូវការរបស់អង្គភាព ព្រមទាំងរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសប្រទេសចិនជាដើម។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងនិងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងភាគីកម្ពុជាបានមានប្រសាសន៍ ថា៖ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញភាសាចិន នៅក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជារួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ (ប៉ោយប៉ែត) និងសៀមរាបដល់សិស្សានុសិស្ស និងនិស្សិតសរុបចំនួនជាង ១០, ១៦៦នាក់។​

បច្ចុប្បន្ននេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងមានគ្រូបង្រៀនភាសាចិនអន្តរជាតិពេញម៉ោងចំនួន៣០រូប (មានដើមកំណើតចិន) ហើយគ្រូបង្រៀនភាគច្រើនមានគុណវុឌ្ឍិសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រ ដល់បណ្ឌិត និងមានបទពិសោធន៍បង្រៀននៅបរទេសជាច្រើនឆ្នាំ។ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងអង្គភាពពាក់ព័ន្ធ វិទ្យាស្ថានបានបើកថ្នាក់រៀនភាសាចិនគ្រប់កម្រិត ចំនួន២៤ទីតាំង នៅតាមវិទ្យា     ល័យមួយចំនួន ដូចជាវិទ្យាល័យពេជ្រចិន្តា វិទ្យាល័យនេតយ៉ង់ វិទ្យាល័យស្តៅសន្តិភាព វិទ្យា        ល័យសម្តេចឪ ព្រមទាំងជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន អគ្គបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងក្រុមហ៊ុនសហគ្រាសចិន។ បច្ចុប្បន្ននេះមាននិស្សិតជាង៣០០នាក់កំពុងសិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តចិននៅសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ។ ដោយឡែកនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដេប៉ាតឺម៉ង់ភាសាចិនបានដំណើរការបណ្តុះបណ្តាលជំនាញភាសាចិនបានចំនួនបួនជំនាន់ ដែលមាននិស្សិតកំពុងសិក្សាសរុបជាង១០០នាក់។

សូមគូសបញ្ជាក់ផងដែរថា វិទ្យាស្ថានខុងជឺនៃវិទ្យាល័យជាតិបាត់ដំបង មានមជ្ឈមណ្ឌលប្រឡងតេស្តភាសាចិនអន្តរជាតិ (HSK) តែមួយគត់ នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។  យើងបានរៀបចំការប្រឡងតេស្ត HSK ចំនួនបីដងក្នុងមួយឆ្នាំ។  ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ បេក្ខជនបានប្រឡងជាប់តេស្ត HSK សរុបចំនួន ៩១% និង បេក្ខជនបានប្រឡងជាប់តេស្ត HSKK សរុបចំនួន៨៧ % ។  ជាមោទនភាព និស្សិតដែលសិក្សាជំនាញអក្សរសាស្រ្តចិនបានឆ្លងកាត់ការសិក្សារយៈពេលមួយឆ្នាំ បានប្រឡងជាប់តេស្ត HSK យ៉ាងទាបបំផុតត្រឹមកម្រិត៣។ វិទ្យាស្ថានខុងជឺបានបញ្ជូននិស្សិតចំនួន១០រូបទៅចូលរួមកម្មសិក្សារយៈពេលមួយខែចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ នៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីននៃ  សាធារណៈរដ្ឋប្រជាមានិតចិន។ វិទ្យាស្ថានបានផ្តល់សេវាកម្មប្រឹក្សាអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនបានចំនួនជាង៣០រូបទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិន។ កម្មវិធីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនរួមមាន៖ “អាហារូបករណ៍រដ្ឋាភិបាលចិន”, “អាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិ” និង “អាហារូបករណ៍ចិន-អាស៊ាន”។ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបន្តប្តេជ្ញាចិត្តបញ្ជូននិស្សិតខ្មែរទៅបន្តការសិក្សានៅប្រទេសចិន នៅតាមសាកលវិទ្យាល័យចិនល្បីៗបន្ថែមទៀតរួមមាន សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិចគួយលីន សាកលវិទ្យាល័យភាសា និងវប្បធម៌ទីក្រុងប៉េកាំង ដើម្បីជួយនិស្សិតសម្រេចក្តីសុបិន្តចង់បន្តការសិក្សានៅប្រទេសចិន។ លើសពីនេះទៅទៀត វិទ្យាស្ថានក៍បានផ្តល់ប្រឹក្សាអាជីព និងស្វែងរកដៃគូក្រុមហ៊ុនចិន ដើម្បីផ្តល់ការងារជូននិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងបានចំនួនជាង ៣០០ នាក់ទៀតផង។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺបានរៀបចំសកម្មភាពការផ្លាស់ប្តូរវប្បធម៌ជាង ២០០លើក និងបានផ្តល់ឱកាសដល់ មិត្តអ្នកសិក្សាស្រឡាញ់ចូលចិត្តភាសាចិននៅកម្ពុជា ធ្វើការបង្ហាញពីទេព្យកោសល្យរបស់ពួកគេរួមមាន៖ ពិធីបុណ្យនិទាឃរដូវ, ពិធីបុណ្យជនជាតិហ្សាង Zhuang, ពិធីបុណ្យចូលឆ្នាំខ្មែរ, ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ, ពិធីបុណ្យបទពិសោធន៍វប្បធម៌ឆ្ពោះទៅក្នុងសកម្មភាពបង្រៀនរួមមាន ការប្រកួតប្រជែងសូត្រកំណាព្យភាសាចិន, ការប្រកួតប្រជែង “ស្ពានភាសាចិន” សម្រាប់និស្សិតសាកលវិទ្យាល័យ និងការប្រកួតច្រៀងចម្រៀង និងកំណាព្យភាសាចិនជាដើម។ សកម្មភាពទាំងនេះបានក្លាយជាស្ពានតភ្ជាប់ ការអប់រំភាសាចិនអន្តរជាតិនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាមួយប្រទេសចិន ជាការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា និងជាការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ សកម្មភាពទាំងអស់ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ជាពិសេសទទួលបានជ័យលាភីឆ្នើមនៅលើសារព័ត៌ល្បីល្បាញនានារបស់ប្រទេសចិន។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *