នៅរសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆ​ស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរិនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍​ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៊ូ ចាន់ភីរូ អគ្គនាយកនៃអគ្គនាយកដ្ឋាននិយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តម សុខ ឃន ​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក ព្រូ ស៊ីផាន់ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរិនស៍ (ខេមបូឌា) និងលោក ស៊ុយ ចន្ថារ៉ុង នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍​ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ ឯកឧត្តមសាកលវិទ្យាធិការ បានធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការរវាងវិក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរិនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍​ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក​ ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងនោះផងដែរ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សាបានថ្លែងពីសារៈសំខាន់នៃការចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ​ ដែលជាផ្នែកមួយនៃការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍន៍មូលធនមនុស្សឆ្ពោះទៅរកកម្ពុជាឆ្នាំ២០៥០។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ប៊ូ ចាន់ភីរូ អគ្គនាយកនៃអគ្គនាយកដ្ឋាននិយ័តករធានារ៉ាប់រងកម្ពុជា បានរំលេចពីកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរគួរពិចារណារួមមានការបណ្តុះបណ្តាលផ្នែកធានារ៉ាប់រងរយៈពេលខ្លី ឬអាចដាក់បញ្ចូលជាមុខវិជ្ជាទៅក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យ​ ក្រោមការជួយជាធនធានគ្រូបណ្តុះបណ្តាលពីភាគីក្រុមហ៊ុន ហ្វតតេ តែម្តង។ លោក ព្រូ ស៊ីថន នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរិនស៍ (ខេមបូឌា) និងលោក ស៊ុយ ចាន់ថារ៉ុង នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍​ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានមានចំណាប់អារម្មណ៍ក៍ដូចជាបង្ហាញពីសេវាកម្ម និងផលិតផលនានារបស់ក្រុមហ៊ុន ហ្វតតេ និងប្តេជ្ញាជួយជ្រោមសាកលវិទ្យាល័យតាមការស្នើសុំ។ គោលបំណងសំខាន់ៗនៃការចុះអនុស្សរណៈនៃការយោគយល់នេះ​មាន៖ ផ្តល់ឱកាសការងារ ឱកាសហាត់ការ និងផ្តល់វគ្គបណ្តុះបណ្តាលនានាដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង រៀបចំសិក្ខាសាលា បាឋកថា និងការផ្តល់ជាវាគ្មិនជាតិ និងអន្តរជាតិ និងចូលរួមសកម្មភាពនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង។​ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះបានប្រព្រឹត្តិទៅប្រកបដោយភាពផ្លែផ្កា និងក្រោមបរិយាកាសរីករាយបំផុត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *