នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង(ស.ជ.ប.ដ.)បានទទួលជួបពិភាក្សាការងារផ្នែកសិក្សាធិការជាមួយលោកស្រី Sara Feuerstein មន្ត្រីទទួលបន្ទុកកិច្ចការវប្បធម៌របស់ស្ថាន ទូតអាមេរិកប្រចាំកម្ពុជា។ ឯកឧត្តមសាកលវិទ្យាធិការបានបង្ហាញពីសមិទ្ធផលថ្មីៗ ព្រមទាំងសក្តានុពលរបស់សាកលវិទ្យាល័យជាតិបាត់ដំបងបន្ទាប់ពីការធ្វើកំណែទម្រង់ស៊ីជម្រៅរួចមក។ លើសពីនេះទៀតឯកឧត្តមសាកលវិទ្យាធិការក៏បានបញ្ចក់ផងដែរថាស.ជ.ប.ដ.នឹងព្យាយាមរក្សាឱ្យបាននូវគុណភាពនៃការបណ្តុះបណ្តាលរបស់ខ្លួនហើយក៏នឹងកំពុងធ្វើការអភិវឌ្ឍខ្លួនឱ្យទៅជាសាកលវិទ្យាល័យមានស្តង់ដារអន្តរជាតិ។ ក្នុងន័យនេះ ឯកឧត្តមសាកលវិទ្យាធិការបានសំណូមពរដល់ស្ថានទូតអាមេរិកប្រចាំកម្ពុជា តាម រយៈលោកស្រី Sara Feuerstein ឱ្យជួយគាំទ្រដល់ស.ជ.ប.ដ.លើកិច្ចការសិក្សាធិការ រឺការងារបណ្តុះបណ្តាលនានាតាមរយៈការបញ្ជូនអ្នកស្ម័គ្រចិត្តមកបំពេញការងារនៅសាកលវិទ្យាល័យដោយផ្ទាល់ ព្រមទាំងជួយភ្ជាប់ និងពង្រឹងទំនាក់ទំនងរវាងស.ជ.ប.ដ.ជាមួយនឹងសាកលវិទ្យាល័យនានា និងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដើម្បីផ្តល់ឱកាសឱ្យនិស្សិតទទួលបានអាហារូបករណ៍បន្តការសិក្សា ព្រមទាំងឱកាសការងារជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប ក្នុងនាមមន្ត្រីទទួលបន្ទុកកិច្ចការវប្បធម៌របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Sara Feuerstein នឹងខិតខំជួយគាំទ្របេសកកម្មនានាទាក់ទងនឹងកិច្ចការសិក្សាធិការ រឺការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀតរវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏ដូចជាសាកលវិទ្យាល័យ និងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យជាតិបាត់ដំបង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *