នៅរសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីស្វាគមន៍និស្សិតចំនួន៥រូបមកពីសាកលវិទ្យាល័យ Princeton University សហរដ្ឋអាម៉េរិក មកសិក្សាភាសាខ្មែរ ដឹកនាំដោយលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ការបណ្តុះបណ្តាលនេះធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសាកលវិទ្យាល័យក្នុងការពង្រីកទំនាក់ទំនងជាមួយដៃគូអន្តរជាតិនិងនិន្នាការសកលភាវូបនីយកម្មទាំងសេដ្ឋកិច្ច សង្គម ភាសា វប្បធម៌ក្នុងតំបន់និងសកលលោក។ ម្យ៉ាងវិញទៀតកម្មវិធីនៃការបណ្តុះបណ្តាលនេះផ្តើមចេញពីតម្រូវការនិងភាពចាំបាច់នៃការប្រើប្រាស់ភាសាខ្មែរនាពេលបច្ចុប្បន្នសម្រាប់ទំនាក់ទំនងទៅលើវិស័យផ្សេងៗជាមួយប្រទេសកម្ពុជា និងដើម្បីលើកកិត្យានុភាពភាសា អក្សរសាស្ត្រ វប្បធម៌ជាតិលើឆាកអន្តរជាតិផងដែរ។ គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះនិស្សិតនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ១)ប្រើប្រាស់ភាសាខ្មែរបានសម្រាប់ការងារនិងការទំនាក់ទំនងផ្សេងទៀត ២)សិក្សាស្វែងយល់ពីតម្លៃនៃភាពចម្រុះវប្បធម៌និងការរស់នៅតាមរយៈភាសា ៣)កសាងទំនាក់ទំនងសង្គមនិងសង្គមកាន់តែទូលាយជាងមុន ៤)បានទទួលការបណ្តុះបណ្តាលជាផ្លូវការនិងមានការទទួលស្គាល់ ៥)មានឱកាសក្នុងការសិក្សានៅកម្រិតខ្ពស់បន្ទាប់ទៀតផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *