នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ដែលជាសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន រដ្ឋបាលខេត្តបាត់ដំបង ស្នងការដ្ឋានខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រសួង មន្ទីរ ក្រុមហ៊ុន តំណាងធនាគារពិភពលោក និងអង្គការដែលជាដៃគូរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងពិធីនេះមានការចូលរួមពីនិស្សិតជ័យលាភី និងអាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករសរុបប្រមាណ៥០០០នាក់ ដើម្បីអបអរសាទរថ្ងៃវិសេសវិសាលនេះ។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានឡើងថ្លែងសុទ្ទរកថាស្វាគមន៍ និងធ្វើរបាយការសង្ខេបស្តីពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបងជូនអង្គពិធីផងដែរ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ និងពិធីសម្ពោធសមិទ្ធផលនានានៃសាកលវិទ្យាល័យជាតិបាត់ដំបងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក គ្រប់លំដាប់ថ្នាក់ទាំងអស់របស់សាកលវិទ្យាល័យ ដែលធ្វើឱ្យសាកលវិទ្យាល័យកែប្រែមុខមាត់ថ្មី និងមានការជឿជាក់ពីមហាជន ពិសេសអាណាព្យាបាល និងនិស្សិតផ្ទាល់។

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *