នៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីនបានសហការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងជាសហប្រធានក្រុមប្រឹក្សាភិបាល និងលោកសាស្រ្តាចារ្យតាង ពីងជូ លេខាធិការនៃគណៈកម្មាធិការគណៈបក្សកម្មុយនីស្តប្រចាំសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗរួមមាន របាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៣ របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៣ ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ និងផែនការសកម្មភាពមួយចំនួនទៀត។ បច្ចុប្បន្ននេះ វិទ្យាស្ថានបានបង្កើតថ្នាក់រៀនភាសាចិននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅនេះ វិទ្យាស្ថានបានបណ្តុះ បណ្តាលភាសាចិនគ្រប់កម្រិតដល់សិស្សានុសិស្ស និងនិស្សិតសរុបចំនួន៦១៦៥នាក់ និងបានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ចំនួន១៦០លើក។ ។ វិទ្យាស្ថានក៍បានបញ្ជូលកម្មវិធីអប់រំភាសាចិនទៅក្នុងប្រព័ន្ធសិក្សាក្រេឌីតរបស់សាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។ សូមរំលឹកដែរថាសាកលវិទ្យាល័យជាតិបាត់ដំបងនិង សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន បានរួមគ្នាបង្កើតវិទ្យាស្ថានខុងជឺនៃសាកលវិទ្យា ល័យជាតិបាត់ដំបង ដែលមានសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន៩រូប រួមមាន៖ (១) ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងជាសហប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង (២) លោកសាស្រ្តាចារ្យ ហ្សាង វិនតៅ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យា អេឡិចត្រូនិកគួយលីន និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង (៣) លោកស្រីសាស្រ្តាចារ្យរង នែ ហួយ នាយកគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាភិបាល និងជាអនុលេខាធិការនៃគណៈកម្មាធិការគណៈបក្សកម្មុយនីស្តប្រចាំសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក គួយលីន(៤) លោកស្រីសាស្រ្តាចារ្យរង ចៅ ឡានយីង ប្រធានដេប៉ាតឺម៉ង់សហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន(៥)លោកស្រីសាស្រ្តាចារ្យរង តឹង យៀនចិន អនុប្រធានដេប៉ាតឺម៉ង់សហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន(៦) លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង នាយកវិទ្យាស្ថានខុងជឺភាគីចិន និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ (៧) លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង និងជានាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា (៨) លោក ទេព នាវា សាកលវិទ្យាធិការរង និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និង (៩) លោក ញាណ វត្ថនា នាយកវិទ្យាស្ថានភាសាបរទេស និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ។