1. បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ

– ប្រធានបទ :  ការបង្កើតពាក្យខ្មែរតាមវិធីបន្សំ

– ដោយ : ទាំ ម៉ែន និង ណាន តេន

សង្ខេបសារណាបទ

          ការសិក្សាអំពីវិធីបន្សំគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍ និងអភិរក្សលើផ្នែកអក្សរសាស្រ្ដខ្មែរឱ្យកាន់តែមានការរីកចម្រើន និងគង់វង្សជារៀងរហូត ជាពិសេសគឺផ្នែកវេយ្យាករណ៍ដែលជាមែកធាងមួយដ៏សំខាន់នៃអក្សរសាស្រ្ដខ្មែរផងដែរ។ ក្នុងនោះដែរ វិធីបន្សំជាវិធីបង្កើតពាក្យដោយដាក់ធាតុទាំងអស់បន្តបន្ទាប់គ្នា ហើយធាតុទាំងនោះនៅរក្សាទម្រង់រូបសាស្រ្ដដើមទាំងស្រុងដោយគ្មានការកែប្រែឡើយ។ តាមរយៈនៃការសិក្សាទៅលើប្រធានបទ «ការបង្កើតពាក្យខ្មែរតាមវិធីបន្សំ» នេះ ក្រុមអ្នកស្រាវជ្រាវរកឃើញពីលក្ខណៈនៃការបង្កើតពាក្យឱ្យមានភាពសម្បូរបែប និងមានការប្រើប្រាស់ជាលក្ខណៈទូទៅក្នុងជីវភាពប្រចាំថ្ងៃដែលឈានទៅដល់ការវិភាគនៃពាក្យនីមួយៗរបស់ខ្មែរ។ ដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់វិធីសាស្រ្ដក្នុងការស្រាវជ្រាវទៅលើប្រធានបទនេះតាមបែបគុណវិស័យដែលធ្វើការអត្ថាធិប្បាយ ពណ៌នា ពន្យល់ បកស្រាយ និងសរសេរជាលាយលក្ខណ៍អក្សរ ព្រមទាំងប្រមូលឯកសារចាស់ៗដែលមានស្រាប់របស់អ្នកប្រាជ្ញជំនាន់មុន និងឯកសារតាមបណ្ដាញសង្គមដើម្បីយកមកធ្វើការវិភាគរកចំណុចរួម និងចំណុចដោយឡែក។ តាមរយៈការសិក្សាស្រាវជ្រាវ ឬការវិភាគទិន្នន័យនេះមកយើងឃើញថាមានប្រភពមកពីវិធីបន្សំដែលមានវិធីបន្សំបែបខ្មែរ និងវិធីបន្សំបែបបាលីសំស្ក្រឹត។ ក្នុងវិធីបន្សំបែបខ្មែរមានពីរចំណុចដែលចំណុចទីមួយគឺ វិធីបន្សំពាក្យនិងពាក្យ ដែលវិធីបន្សំនេះមានចំណុចតូចៗចំនួនបីផ្សេងទៀតគឺនាមផ្សំ(ខ្លា+ឃ្មុំ>ខ្លាឃ្មុំ) គុណនាមផ្សំ(ទន់+ដៃ>ទន់ដៃ) និងកិរិយាផ្សំ(ទាញ+ព្រ័ត្រ>ទាញព្រ័ត្រ) ចំពោះចំណុចទីពីរគឺពាក្យបន្ថែមដើម បន្ថែមចុងនៃពាក្យឫស។ ចំណែកវិធីបន្សំបែបបាលីសំស្រ្កឹតមានបួន ចំណុចគឺប្រធាននៅខាងដើម ប្រធាននៅខាងចុង ប្រធានមានច្រើនបទ និងប្រធានក្រៅពីពាក្យផ្សំ។ បន្ថែមពីនេះទៀត បានរកឃើញនូវចំណុចមួយចំនួនទៀតដូចជា ពាក្យមានសន្ធិនិងគ្មានសន្ធិនៅក្នុងពាក្យបន្សំនៃភាសា បាលីសំស្រ្កឹតនិងពាក្យផ្សំភ្ជាប់ ពាក្យផ្សំខ្ជាន់ផងដែរ។ លើសពីនេះទៀតមានពាក្យផ្សំបែបខ្មែរនិងពាក្យបាលី ពាក្យខ្មែរនិងសំស្រ្កឹត ពាក្យបាលីនិងសំស្រ្កឹត ពាក្យបាលីនិងបាលី ពាក្យសំស្រ្កឹតនិងសំស្រ្កឹតផងដែរ។

          សរុបមកក្រោយពីបានសិក្សាពីការបង្កើតពាក្យខ្មែរតាមវិធីបន្សំនេះមកបានធ្វើឱ្យយើងបានយល់ដឹងពីលក្ខណៈនៃការបង្កើតពាក្យខ្មែរតាមវិធីបន្សំទៅតាមលក្ខណៈនីមួយៗទាំងវិធីបន្សំបែបខ្មែរ វិធីបន្សំបែបបាលីសំស្រ្កឹត ពាក្យបន្ថែមដើម បន្ថែមចុង ពាក្យមាននិងគ្មានសន្ធិក្នុងភាសាបាលីសំស្រ្កឹត ពាក្យភ្ជាប់ ពាក្យខ្ជាន់ពាក្យផ្សំបែបខ្មែរនិងពាក្យបាលី ពាក្យខ្មែរនិងសំស្រ្កឹត ពាក្យបាលីនិងសំស្រ្កឹត ពាក្យបាលីនិងបាលី ពាក្យសំស្រ្កឹតនិងសំស្រ្កឹត ឱ្យកាន់តែល្អប្រសើរសម្រាប់ការសិក្សាបន្ត។ ដូច្នេះការសិក្សាលើប្រធានបទនេះគឺ ចង់ឱ្យអ្នកសិក្សាគ្រប់រូបសិក្សាស្វែងយល់នូវវិធីបង្កើតពាក្យដោយវិធីបន្សំឱ្យបានស៊ីជម្រៅ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ផងដែរ ថែមទាំងអាចជួយដោះស្រាយបញ្ហាបានខ្លះសម្រាប់អ្នកសិក្សាជំនាន់ក្រោយក្នុងការប្រើប្រាស់ពាក្យពេចន៍ព្រមទាំងថែរក្សានិងអភិរក្សអក្សរសាស្រ្ដជាតិឱ្យកាន់តែរីកចម្រើនផងដែរ

– ប្រធានបទ : សិក្សារឿងក្រុងមហាជម្ពូបតីតាមរយៈសាស្រ្តាស្លឹករឹត

– ដោយ : មឿក សក្ការ និង ឈុនគន្ធា

សង្ខេបសារណាបទ

          រឿងក្រុងមហាជម្ពូបតី ជារឿងបែបពុទ្ធសាសនា ដែលមកដល់ពេលនេះមិនទាន់មានប្រភពណាមួយបានធ្វើការសិក្សាទៅលើអត្ថបទរឿងនេះនៅឡើយ។ ការសិក្សារឿងក្រុងមហាជម្ពូបតីតាមរយៈសាស្រ្តាស្លឹករឹតនៅក្នុងកិច្ចការនេះ ស្របទៅតាមគោលបំណងដែលបង្ហាញឱ្យឃើញនូវ អត្ថន័យ អត្ថរូប អត្ថរស និងទិដ្ឋភាពសង្គម ដែលបានស្តែងចេញតាមរយៈអត្ថបទរឿង។ ប្រភពនៃអត្ថបទសាស្រ្តាស្លឹករឹតរឿងក្រុងមហាជម្ពូបតីគឺ តាមរយៈសាស្រ្តាស្លឹករឹត ដែលបានតម្កល់ទុកនៅក្នុងសាលាបារាំងចុងបូព៌ាប្រទេស។ ការសិក្សានេះចាប់ផ្តើមពីការសម្រួលអក្ខរាវិរុទ្ធបែបបុរាណនៅក្នុងសាស្រ្តាស្លឹករឹត (អក្សរសិល្ប៍សម័យកណ្តាលនៅក្នុងស.វ. ១៦-១៩) សម្រួលអត្ថន័យ ធ្វើការសង្ខេបរឿង និងសិក្សាអត្ថបទរឿងទាំងមូល ដោយផ្តោតតែលើផ្នែកអត្ថន័យ អត្ថរូប អត្ថរស និងទិដ្ឋភាពសង្គម។

          តាមរយៈការសិក្សាផ្នែកនីមួយៗបានបង្ហាញឱ្យឃើញដូចជា ផ្នែកអត្ថន័យ បានលើកបង្ហាញអំពីភាពអស្ចារ្យរបស់ព្រះបាទក្រុងមហាជម្ពូបតី ការសម្តែងព្រះធម្មវិសេសទេសនារបស់ព្រះបាទរាជាធិរាជ (ទ្រង់គឺជាព្រះសម្មាសម្ពុទ្ធ ដែលបានប្លែងខ្លួនជាព្រះបាទរាជាធិរាជ) ការចូលបួសឧប្បសម្ប័ទជាភិក្ខុរបស់ព្រះបាទក្រុងមហាជម្ពូបតី ការកសាងកុសលវៀរចាកអកុសល បំបាត់នូវគំនិតមិច្ឆាទិដ្ឋិ និងការលះបង់នូវប្រយោជន៍ក្នុងលោកិយ។ ចំពោះផ្នែកអត្ថរូប នៅក្នុងការតាក់តែងនិពន្ធអត្ថបទរឿងនេះឡើង អ្នកនិពន្ធបានលើកយកនូវផ្នែកអត្ថរូបមកប្រើដូចជា បច្ចេករូប បការូប សិល្ប៍រូប ឬរចនារូប និងនិពន្ធរូប ដែលនៅក្នុងនោះរួមមានសិល្ប៍វិធីជាច្រើន ដូចជាពណ៌នាវិធី សំវាទវិធី ឯកវាទវិធី ឧបមានវិធី វឌ្ឍមានវិធី សន្ទេហវិធី និទានវិធី បុនរុត្តវិធី វេសមវិធី បដិវិធី សមន្តរត្តវិធី ឧបកថាវិធី ទារុណវិធី អវេក្ខណវិធី វណ្ណនាវិធី រូបារម្មណ៍វិធី ការបង្ហាញតួអង្គ ការបង្ហាញធម្មជាតិ និងការបញ្ចប់រឿង ដោយឱ្យព្រះបាទក្រុងមហាជម្ពូបតី នាងបញ្ចាលរាជទេវីជាមហេសី ចៅសិរីគុត្តជារាជបុត្រា បានចូលបួសក្នុងសំណាក់ព្រះសាសនា ហើយបានសម្រេចនូវព្រះអរហត្តទាំងអស់អង្គទៅ។ ចំណែកឯផ្នែកអត្ថរស នៅក្នុងអត្ថបទវិញមានដូចជា បច្ចេករស(នាដ្យរស និងសោភ័ណរស) វិសេសរស(សុន្ទររស វិហាសរូបរស មហត្តរស វិសិដ្ឋរស វីររស ទារុណរស ហាសរស ទស្សនីយរស នាដករស និងកម្សត់រស) សព្វរស(តថរស សង្គមរស អច្ឆរិយរស កុសលរស)។ បើងាកមកមើលអំពីទិដ្ឋិភាពសង្គម នៅក្នុងអត្ថបទរឿងនេះវិញ ឃើញថាអ្នកនិពន្ធលោកបានរំលេចចេញឱ្យឃើញអំពីវិស័យនានាដូចជា វិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច និងវិស័យវប្បធម៌ផងដែរ។

          បើទោះបីជាការសិក្សានេះបានបញ្ចប់ទៅហើយក្តី ក៏មិនទាន់សន្មតថាបានច្បាស់លាស់ ត្រឹមត្រូវ  គ្រប់ជ្រុងជ្រោយទៅតាមការរំពឹងទុកនៅឡើយទេ។ ដោយហេតុប្រការថា ការលើកយកមកសិក្សាបង្ហាញឱ្យឃើញពី អត្ថន័យ អត្ថរូប អត្ថរស និងទិដ្ឋភាពសង្គម ដែលស្តែងចេញតាមរយៈអត្ថបទរឿងក្រុងមហាជម្ពូបតី ក្នុងសាស្រ្តាស្លឹករឹតនេះ គឺមានតែខ្សែទី៣ មួយប៉ុណ្ណោះ ដែលមានដំណើររឿងពេញលេញ។ សូមលើកទឹកចិត្តឱ្យអ្នកសិក្សាគ្រប់រូប ចូលរួមក្នុងកែលម្អទៅលើការសិក្សាស្រាវជ្រាវមួយនេះឱ្យកាន់តែល្អបន្ថែមទៀត និងធ្វើការព្យាយាមសិក្សាស្រាវជ្រាវស្វែងរកខ្សែទី១ ទី២ មកធ្វើការបំពេញបន្ថែមទៀត ដើម្បីទទួលបានគតិអប់រំល្អៗពីអត្ថបទរឿង ក៏ដូចជាការរួមចំណែកថែរក្សាសម្បត្តិអក្សរសាស្រ្តជាតិយើងឱ្យគង់វង្សរីកចម្រើន។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *