1. បរិញ្ញាបត្រវិទ្យាសាស្រ្តសត្វ

– ប្រធានបទ : ឥទ្ធិពលនៃការប្រើប្រាស់ចំណីសម្រេច ស្មៅធម្មជាតិ និងស្រូវបណ្ដុះលើការលូតលាស់ពូជគោហារីយ៉ាណា កាត់គោខ្មែរ

– ដោយ : ផឹង ពិសិដ ឃី ឆាឌី និង ឃឹម សេងហាក់

សង្ខេបសារណាបទ

          សង្វាក់ផលិតកម្មគោនៅកម្ពុជាមានកំណើនការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសការបំប៉នគោសាច់ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ប៉ុន្តែការចិញ្ចឹមគោនៅក្នុងប្រទេសកម្ពុជាជួបនូវបញ្ហាមួយចំនួនដូចជា ជំងឺរាតត្បាត បច្ចេកទេសថែទាំ ជាពិសេសនោះគឺកត្តាកង្វះចំណី។ ដោយការចិញ្ចឹមគោភាគច្រើនរបស់កសិករគឺចិញ្ចឹមបែបប្រពៃណីដោយប្រលែង ពឹងផ្អែកតែស្មៅធម្មជាតិ និងមានការដាំដុះស្មៅចំណីសត្វតិចតួចបំផុត។ បញ្ហាទាំងនេះបានជំរុញឱ្យមានការសិក្សាស្រាវជ្រាវអំពីបច្ចេកទេសក្នុងការផលិតចំណីបែបថ្មី ដែលមានឈ្មោះថា បច្ចេកទេសបណ្ដុះគ្រាប់ធញ្ញជាតិតាមបែបជលវប្បកម្ម ឬ Hydroponic-fodder ដែលហៅកាត់ថា​ Hydro-fodder។ បច្ចេកទេស Hydro-fodder គឺជាបច្ចេកទេសផលិតចំណីដោយមិនចាំបាច់ក្នុងការប្រើ​ប្រាស់ដីក្នុងការដាំដុះចំណី ហើយព្រមទាំងសន្សំសំចៃទឹក ចំណាយកម្លាំងពលកម្មតិច ចំណេញពេលវេលា និងអាចផលិតចំណីបានពេញមួយឆ្នាំ។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងចង់ដឹងពីអត្រាលូតលាស់ និងចំណូលចិត្តរបស់គោ ដោយប្រើប្រាស់ប្រភេទចំណីផ្សេងៗគ្នា។

          នៅក្នុងដំណើរការពិសោធន៍មានរយៈពេល ៦២ ថ្ងៃ ដោយប្រើប្រាស់បច្ច័យសរុបចំនួន ៣ បច្ច័យ និង ៤សារ ដោយប្រើប្រាស់ប្លង់ពិសោធន៍ប្លុកចាប់ឆ្នោតពេញលេញ (CRD) ដោយបច្ច័យទី១ (T1) ប្រើប្រាស់ចំណីសម្រេចចំនួន ១០០% បច្ច័យទី២ (T2) ប្រើប្រាស់ចំណីសម្រេច ៥០% និងស្មៅធម្មជាតិ ៥០% និងបច្ច័យទី៣ (T3) ប្រើប្រាស់ចំណីសម្រេច ៥០% និងស្រូវបណ្ដុះ ៥០%។ ការពិសោធន៍នេះបានធ្វើឡើងនៅកសិដ្ឋានបណ្ដុះបណ្ដាល និងស្រាវជា្រវរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។

          ​​បន្ទាប់ពីប្រមូលបានទិន្នន័យអំពីទម្ងន់ចំណី និងទម្ងន់គោគ្រប់ចំនួនហើយ បានយកទិន្នន័យទាំងនោះទៅវិភាគនៅក្នុងកម្មវិធី SPSS Version 22 (ANOVA and Duncan’s test)។

          លទ្ធផលបានបង្ហាញថាមិនមានភាពខុសគ្នាជាអត្ថន័យស្ថិតិនៅក្នុងការឡើងទម្ងន់គោ (P>0.09) ឬតម្រូវការចំណីដើម្បីកើនសាច់ (FCR) (P>0.23) រវាងក្រុមទាំងបីនោះទេ ដោយក្រុមទី១ (T1) ត្រូវការចំណីអស់ ១៣.៩១គ.ក (ម៉ាស់ស្ងួត) ឯក្រុមទី២ (T2) ត្រូវការចំណីប្រមាណ ១៩.៣៨គ.ក (ម៉ាស់ស្ងួត) និងក្រុមទី៣ ត្រូវប្រើចំណី ១៦.៤៤គ.ក (ម៉ាស់ស្ងួត)។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេស្តចំណូលចិត្តគោបានបង្ហាញថាគោចូលចិត្តស៊ី T1 ជាង T2 និង T3 បើប្រៀបធៀបតាម (P<0.032) និង Linner (P<0.011) ប៉ុន្តែបើប្រៀបធៀបតាម Quadratic គឺមិនមានភាពខុសគ្នាជាអត្ថន័យស្ថិតិនោះទេ (P>0.76) ក្រុមទី១ (T1) គោស៊ីបានច្រើនជាងគេគឺ ៦.៧៩គ.ក/ថ្ងៃ បន្ទាប់មកគឺក្រុមទី២ (T2) ៦.៣គ.ក/ថ្ងៃ និងក្រុមទី៣ (T3) ៥.៩៨គ.ក/ថ្ងៃ។ ចំណែកតម្លៃនៃល្បាយចំណីសម្រាប់ T2 គឺ ០.១២$/Kg បន្ទាប់មក T1 នៅ ០.១៣$/Kg និង T3 ០.៣១$/Kg ខណៈការចំណាយដើម្បីកើនសាច់ (FCR) T1: ៤.៣៨$/Kg, T2: ២.៣៤$/Kg, T3: ២.០៩$/Kg។

  1. បរិញ្ញាបត្រកែច្នៃអាហារ

– ប្រធានបទ : ឥទ្ធិពលនៃម្សៅដំឡូងជ្វាពណ៌ទឹកក្រូចទៅលើគុណភាពរូបសាស្ត្រ និងគីមីសាស្ត្ររបស់នំបញ្ចុកស្ងួត

– ដោយ : រិទ្ធិ វណ្ណនេត

សង្ខេបសារណាបទ

          ដំឡូងជ្វា មានឈ្មោះវិទ្យាសាស្រ្តថា Ipomoea batatas។ ដំឡូងជ្វាពណ៌ទឹកក្រូច គឺជាប្រភពដ៏ប្រសើរនៃកាបូនអ៊ីដ្រាត និងមានសារធាតុចិញ្ចឹមខ្ពស់ ដូចជាវីតាមីន អាមីណូអាស៊ីត និងសារធាតុរ៉ែ ជាពិសេសបរិមាណខ្ពស់នៃសារធាតុ Carotenoid ដែលមានប្រយោជន៍ដល់កុមារ និងស្ត្រីមានផ្ទៃពោះដែលកង្វះវីតាមីនអេ។ នំបញ្ចុក ជាអាហារមួយដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជានាពេលសព្វថ្ងៃ។ ជាមួយគ្នានេះ នំបញ្ចុកក៏ទាមទារឲ្យមានការអភិវឌ្ឍបន្ថែមលើសារធាតុចិញ្ចឹម និងវាយនភាពផងដែរ។ ហើយម្សៅដែលត្រូវបន្ថែម បានធ្វើឲ្យតម្លៃអាហារូបត្ថម្ភ វាយនភាព និងភាពពេញចិត្តល្អប្រសើរ។ គោលបំណងនៅក្នុងការសិក្សាស្រាវជ្រាវនេះ គឺកំណត់បរិមាណម្សៅដំឡូងជ្វាពណ៌ទឹកក្រូចដែលសមស្របសម្រាប់ផលិតនំបញ្ចុកស្ងួត រួមជាមួយនឹងការកំណត់លក្ខណៈរូបសាស្រ្ត គីមីសាស្រ្ត និងភាពពេញចិត្តរបស់អតិថិជនទៅលើផលិតផលនំបញ្ចុកស្ងួតផងដែរ។ ប្លង់ពិសោធន៍ Complete Randomized Design (CRD) គឺត្រូវបានយកមកប្រើប្រាស់នៅក្នុងការសិក្សាស្រាវជ្រាវនេះ ដោយត្រូវបានបែងចែកជាចំនួន ៥ បច្ច័យ។ ម្សៅដំឡូងជ្វាពណ៌ទឹកក្រូចត្រូវបានប្រើសម្រាប់បច្ច័យកស្សិណ (T0) ចំនួន ០%, បច្ច័យទី១ (T1) ១០%, បច្ច័យទី២ (T2) ២០%, បច្ច័យទី៣ (T3) ៣០% និងបច្ច័យទី៤ (T4) ៤០%។ ហើយនំបញ្ចុកស្ងួតនៃបច្ច័យនីមួយៗ ត្រូវធ្វើការវិភាគលក្ខណៈរូបសាស្រ្ត គីមីសាស្រ្ត និងភាពពេញចិត្តរបស់អតិថិជន ដោយទិន្នន័យទាំងអស់ត្រូវបញ្ចូលក្នុងកម្មវិធី Statistix 8 ដើម្បីធ្វើការវិភាគ ANOVA (One-factor) នៅកម្រិតជឿជាក់ ៩៥% (p < ០.០៥)។

          តាមលទ្ធផលនៃការពិសោធន៍បង្ហាញថា ការបន្ថែមម្សៅដំឡូងជ្វាពណ៌ទឹកក្រូចពី ១០ ដល់ ៤០% បានធ្វើឲ្យកើនឡើងប្រូតេអ៊ីននៃនំបញ្ចុកស្ងួតចន្លោះពី ៤.១៦ ទៅ ៦.៩២%, សារធាតុសរសៃពី ០.៤៤ ទៅ ១.០១%, Phenolic ពី ៧៦.៤២ ទៅ ១០៨.៦៤ mg GAE/១០០g និង Carotenoid កើនឡើង ពី ១២.១៣ ទៅ ២៧.២១ mg/g។ ចំពោះពណ៌របស់នំបញ្ចុក ក៏បានធ្វើឲ្យភាពភ្លឺ (L*) មានការថយចុះ ខណៈដែលតម្លៃ (a*) និង (b*) មានការកើនឡើង។ នំបញ្ចុកស្ងួតអាចមានសុវត្ថិភាពពីការលូតលាស់របស់ពពួកអតិសុខុមប្រាណបាន ពីព្រោះមានសំណើម <១៤% និងសកម្មភាពទឹក <០.៦ តែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើបន្ថែមម្សៅដំឡូងជ្វាពណ៌ទឹកក្រូចច្រើនពេក ធ្វើឲ្យមានឥទ្ធិពលលើលក្ខណៈវាយនភាព និងភាពពេញចិត្តរបស់អតិថិជន គឺមានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។

          ដូច្នេះបរិមាណម្សៅដំឡូងជ្វាពណ៌ទឹកក្រូចដែលសមស្របបំផុត គឺចំនួន ១០% ដែលត្រូវបានបន្ថែមសម្រាប់ផលិតនំបញ្ចុកស្ងួត ដោយបានបង្ហាញពីភាពល្អប្រសើរ និងការទទួលយកទាំងវាយនភាព និងភាពពេញចិត្តរបស់អតិថិជន ថែមទាំងបានលើកកម្ពស់តម្លៃអាហារូបត្ថម្ភនៃនំបញ្ចុកដូចជាប្រូតេអ៊ីន សារធាតុសរសៃ ពិសេសគឺសារធាតុ Phenolic និង Carotenoid ដែលមានប្រយោជន៍ដល់កុមារ និងស្ត្រីមានផ្ទៃពោះដែលកំពុងខ្វះវីតាមីនអេ។ លទ្ធផលនៃការសិក្សានេះអាចយកទៅប្រើជាចំណេះដឹងក្នុងការប្រើប្រាស់វត្ថុធាតុដើម មុខងារនៃអាហារ ជាពិសេសក្នុងការអភិវឌ្ឍផលិតផលនំបញ្ចុករបស់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋានផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *