(បាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការដេប៉ាតឺម៉ង់ភាសាថៃក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Cherdkait Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Wattnawit Gajaseni អគ្គនាយកស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) និងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សាកលវិទ្យាល័យនឹងបើកដំណើរការថ្នាក់បរិញ្ញាបត្រសិល្បៈ ជំនាញភាសាថៃចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅបន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈប្រកាសលេខ១១៤៩ អយក.ប្រក ចុះថ្ងៃទី១៧ ខែវិច្ឆិកា     ឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម សុខ ឃន បានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិបាត់ដំបងបន្ទាប់ពីធ្វើកំណែទម្រង់ប្រកបដោយយជោគជ័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យទទួលបានការអបអរសាទរ និងគាំទ្រពីសំណាក់សាធារណៈជន អាណាព្យាបាល មជ្ឈដ្ឋានអ្នកសិក្សា  និងជាពិសេសដៃគូសហការជាតិ និងអន្តរជាតិ។ ជាក់ស្តែង ការបើកដំណើរការដេប៉ាតឺម៉ង់ភាសាថៃនាពេលនេះ សាកលវិទ្យាល័យទទួលបានការសហការឧបត្ថម្ភគាំទ្រពីសំណាក់ស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ និងសាកលវិទ្យាល័យ Rambhai Barni Rafabhat University តាមរយៈគម្រោងអភិវឌ្ឍភាសាថៃ (Thai Language Teaching Development Project)។ មូលហេតុចម្បងដែលសាកវិទ្យាល័យជាតិបាត់ដំបងបានសម្រេចចិត្តបើកដំណើរការដេប៉ាតឺម៉ង់ភាសាថៃនេះគឺដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញភាសាថៃប្រកបដោយចំណេះ ជំនាញ និងបំណិនពិតប្រាកដបម្រើឲ្យវិស័យសិល្បៈ វប្បធម៌ អប់រំ ស្រាវជ្រាវ សុខាភិបាលនិងធុរៈកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។ ក្នុងន័យនេះ វត្តមានដេប៉ាតឺម៉ង់ភាសាថៃនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ។

ថ្លែងនា​ឱកាសនេះដែរ លោក Wattanawit Gajaseni​ អគ្គនាយកស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃបានគូសបញ្ជាក់ថាភាសាពិតជាមានសារៈសំខាន់ណាស់ក្នុងការភ្ជាប់ទំទាក់ទំនងមិត្តភាពអន្តរជាតិក៏ដូចជាជួយជម្រុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាងប្រជាជាតិមួយ និងប្រជាជាតិមួយទៀតកាន់តែល្អប្រសើរ។ ភាសាជួយបង្កើតឱកាស        វិនិយោគ ឱកាសការងារ ព្រមទាំងជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ដូច្នេះ ការសិក្សាភាសាថៃនឹងផ្តល់ឲ្យអ្នកសិក្សានូវគុណប្រយោជន៍ជាច្រើនសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារក្នុងស្ថាប័នរដ្ឋ-ឯកជន ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នាពេលបច្ចុប្បន្ននេះ វត្តមានក្រុមហ៊ុនថៃធំៗនៅព្រះរាជាណាចក្រកម្ពុជាមានការកើនឡើងជា    លំដាប់។ តម្រូវការធនធានមនុស្សផ្នែកភាសាថៃនឹងមានការកើនឡើងដូចគ្នាដែរ។ លោក Wattanawit Gajaseni បានបន្ថែមទៀតថាសាកលវិទ្យាល័យជាតិបាត់ដំបងគឺជាគ្រឹះស្ថានអប់រំដ៏ធំមួយមានឈ្មោះបោះសម្លេងទទួលបានការគាំទ្រពីសំណាក់មជ្ឍដ្ឋានទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេសដោយសារសាកលវិទ្យាល័យមួយនេះមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់ មានទីធ្លាធំទូលាយ បរិស្ថានស្រស់បំព្រង បរិយាកាសសិក្សាមានផាសុភាពដែលកត្តាទាំងអស់នេះជួយធានាដល់គុណភាពនៃការបំពេញការងារ ការសិក្សា ការបង្រៀន និងការស្រាវជ្រាវ។

គួរបញ្ជាក់ផងដែរថា ជំនាញភាសាថៃគឺជាជំនាញមួយក្នុងចំណោមជំនាញដ៏ទៃទៀតវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបងកំពុងធ្វើការបណ្តុះបណ្តាលក្នុងនោះមានជំនាញអក្សរសាស្រ្តអង់គ្លេស កូរ៉េ បារាំង ចិន និងទំនាក់ទំនងអន្តរជាតិ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *