នៅថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង (ស.ជ.ប.ដ.) បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅឧទ្យានវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យឧប៊ុនរាជធានី (Science Park of Ubon Rachathani University)ក្នុងខេត្តឧប៊ុន (Ubon Rachathani) នៃព្រះរាជាណាចក្រថៃ។ ឧទ្យាននេះជាមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាពីសាកលវិទ្យាល័យទៅឧស្សហកម្មទាំងក្នុងប្រទេស និងតំបន់ដោយផ្តោតលើការបង្កើត បច្ចេកវិទ្យាកែច្នៃសាច់ បន្លែ ផ្លែឈើ និងគ្រឿងសម្អាងដែលមានលក្ខណៈទំនើបចុងក្រោយ។ ជាមួយគ្នានេះដែរ ឯកឧត្តមសាកលវិទ្យាធិការក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតនៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហាររបស់ស.ជ.ប.ដ.ដែលកំពុងសិក្សា អនុវត្ត និងស្រាវជ្រាវនៅសាកលវិទ្យាល័យ Ubon Rachathani University ព្រមទាំងអញ្ជើញចូលរួមទស្សនាពិពណ៌កសិកម្ម។ គោលដៅសំខាន់ៗនៃដំណើរទស្សនកិច្ចសិក្សានេះគឺដើម្បីដកស្រង់បទពិសោធន៍សម្រាប់ការអភិវឌ្ឍស.ជ.ប.ដ.នាពេលអនាគតដើម្បីជម្រុញ និងប្រែក្លាយស.ជ.ប.ដ.ជា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដោយផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ដើម្បីចូលរួមចំណែកអោយកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍ និងសេដ្ឋកិច្ចជាតិតាមរយៈការអភិវឌ្ឍមូលធនមនុស្សអោយមានចំណេះ ជំនាញ និងបំណិនពិតប្រាកដ។ សូមបញ្ជាក់ផងដែរថា Ubon Rachathani University គឺជាដៃគូសហការដ៏សំខាន់មួយក្នុងគម្រោងHEIPរបស់ស.ជ.ប.ដ.។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *