នារសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីជួបសំណេះសំណាល និងជូនពរឆ្នាំថ្មី ឆ្នាំសាកល២០២៤ ដល់បុគ្គលិកបរទេសដែលកំពុងបំពេញការងារនៅសាកលវិទ្យាល័យជាតិបាត់ដំបងក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ដែគូសហប្រតិបត្តិការអន្តរជាតិនានារបស់សាកលវិទ្យាល័យរួមមាន វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA)។ ក្រោមបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល ថ្នាក់ដឹកនាំ និងបុគ្គលិកបរទេសទាំងអស់បានសំដែងនូវអំណរអរគុណក្រៃលែងដល់ឯកឧត្តមសាកលវិទ្យាធិការដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខក្នុងការរស់នៅ ក៏ដូចជាបានផ្តល់នូវភាពកក់ក្តៅក្នុងការបំពេញការងារក្នុងសាកលវិទ្យាល័យនាឆ្នាំកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមសាកលវិទ្យាធិការក៏បានថ្លែងអំណរគុណដល់មិត្តភ័ក្របរទេសទាំងអស់ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពបណ្តុះបណ្តាល និងការអភិវឌ្ឍថ្មីៗ របស់សាកលវិទ្យាល័យជាតិបាត់ដំបង ហើយក៏បានវាយតម្លៃខ្ពស់ផងដែរដល់ការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ យើងទាំងអស់គ្នាបំពេញការងារគឺដើម្បីផលប្រយោជន៍របស់សាកលវិទ្យាល័យជាតិបាត់ដំបង និងប្រទេសជាតិរបស់យើង។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *