(បាត់ដំបង)៖សាកលវិទ្យាល័យជាតិបាត់ដំបងបានប្រារព្ធពិធីអបអរសាទរខួបបួនឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា។ ពិធីនេះក៏មានការចូលរួមពី លោក LIU ZHIJIE អគ្គកុងស៊ុលនៃស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប លោកស្រី សាស្រ្តាចារ្យរង NIE HUI អនុលេខាធិការគណៈកម្មាធិការបក្ស នៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិចគួយលីន លោកផេង សិទ្ធី អភិបាលរងនៃគណៈអភិ បាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីរាជការ និស្សិតរបស់សកលវិទ្យាល័យជាតិបាត់ដំបង និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា កម្ពុជានិងចិនជាប្រទេសជិតខាងដែលមានមិត្តភាពយូរអង្វែង ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងមានចំណងមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។ ស្របពេលដែលទំនាក់ទំនងរកម្ពុជា-ចិនមានភាពល្អប្រសើរនិងកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យក៏បន្តបង្កើនទាំងវិសាលភាព និងភាពស៊ីជម្រៅជាងមុន។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា កម្ពុជាបានឆ្លើយតបយ៉ាងសកម្មចំពោះ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដោយបានចូលរួមក្នុងគម្រោងស្ថាបនាជាច្រើន។ ប្រទេសចិនបានបន្តក្លាយជាប្រភពអ្នកវិនិយោគធំជាងគេ និងប្រភពភ្ញៀវទេសចរណ៍ធំជាងគេរបស់កម្ពុជា នេះបានជម្រុញឱ្យសេដ្ឋកិច្ចកម្ពុជាបន្តអភិវឌ្ឍក្នុងកម្រិតខ្ពស់ ព្រមទាំងធ្វើឱ្យតម្រូវការសិក្សាភាសាចិនកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ដែលខ្លួនឯកឧត្តមផ្ទាល់ក៏កំពុងតែសិក្សាភាសាចិនក្នុងពេលទំនេរផងដែរ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាខួបលើកទី១០ នៃការលើកឡើងនូវ «គំនិតផ្តួច ផ្តើមខ្សែក្រវាត់និងផ្លូវ» ដោយឯកឧត្តម ស៊ី ជីនភីន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ យើងខ្ញុំសង្ឃឹមថា អាចចាប់យកឱកាសដ៏វិសេសវិសាលនេះ ជម្រុញឱ្យការផ្លាស់ប្តូរក្នុងវិស័យ វប្បធម៌ និងភាសារវាងប្រជាជនកម្ពុជា និងប្រជាជនចិនកើនឡើងមួយកម្រិតថែមទៀត ព្រមទាំងបង្កើនមិត្តភាពប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធស្នាលជាងមុន។
លោក LIU ZHIJIE បានថ្លែងថា៖ ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅយូរអង្វែង។ ប្រជាជនចិនតែងតែហៅប្រជាជនកម្ពុជាថាជា «មិត្តភក្តិដែកថែប» ហើយប្រទេសចិននិងកម្ពុជាបានបង្កើតនូវទំនាក់ទំនងមិត្តភាពយ៉ាងស៊ីជម្រៅ ពីមេដឹកនាំមួយជំនាន់ទៅមួយជំនាន់។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងកម្ពុជាបានសហការគ្នាកាន់តែស្អិតរមួតទៅលើវិស័យនយោបាយ សេដ្ឋកិច្ច យោធា វប្បធម៌ និងការអប់រំជាដើម ក្នុងបុព្វហេតុដើម្បីរួមគ្នាកសាងអនាគតដ៏ល្អប្រសើរសម្រាប់ទំនាក់ទំនងរវាងចិន-កម្ពុជា។ ជាសក្ខីភាពមានក្រុមហ៊ុនវិនិយោគចិនជាច្រើនបានមកបណ្តាក់ទុនរកស៊ីនៅខេត្តសៀមរាប បាត់ដំបង និងទូទាំងប្រទេសកម្ពុជា។ ថ្ងៃនេះក៏មានតំណាងក្រុមហ៊ុនចិនជាច្រើន មានវត្តមានចូលរួមក្នុងកម្មវិធីអបអរសាទរនេះដែរ។
ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងនិងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបងភាគីកម្ពុជាបានមានប្រសាសន៍ ថា៖ ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកភាសាចិន នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងរាជធានីភ្នំពេញបានចំនួនជាង ៦១៦៥នាក់ (ប្រាំមួយពាន់មួយរយហុកសិបប្រាំនាក់) និងបានពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលធ្លាប់មានទំនាក់ទំនងល្អ ជាប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយគ្នា។ បច្ចុប្បន្ននេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង មានគ្រូបង្រៀនភាសាចិនអន្តរជាតិពេញម៉ោង ចំនួន២១រូប (មានដើមកំណើតចិន) ហើយគ្រូបង្រៀនភាគច្រើនមានគុណវុឌ្ឍិ សញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រ ដល់បណ្ឌិត និងមានបទពិសោធន៍បង្រៀននៅបរទេសជាច្រើនឆ្នាំ។
លើសពីនេះទៅទៀត ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង វិទ្យាស្ថានខុងជឺបានបើកថ្នាក់រៀនភាសាចិនចំនួន១៨ទីតាំង នៅតាមបណ្តាវិទ្យាល័យមួយចំនួន ដូចជាវិទ្យាល័យពេជ្រចិន្តា វិទ្យាល័យស្តៅសន្តិភាព ព្រមទាំងជាមួយគ្រឹះស្ថានឧត្តមសិក្សា អគ្គបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងសហគ្រាសចិនក្នុងការបណ្តុះបណ្តាលភាសាចិនគ្រប់កម្រិតផងដែរ។ បច្ចុប្បន្ននេះមាននិស្សិតជាង២០០នាក់កំពុងតែសិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តចិននៅសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ។
លោកស្រីសាស្រ្តាចារ្យរង NIE HUI អនុលេខាធិការគណៈកម្មាធិការបក្ស នៃសាកលវិទ្យាល័យ បច្ចេកវិទ្យាអេឡិចត្រូនិកគួយលីនបានថ្លែងថា៖ ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ វិទ្យាស្ថានខុងជឺបានរៀបចំសកម្មភាពការផ្លាស់ប្តូរវប្បធម៌បានចំនួន ១៦០លើក និងបានផ្តល់ឱកាសដល់ អ្នកស្រឡាញ់ចូលចិត្តភាសាចិននៅកម្ពុជា ធ្វើការបង្ហាញពីទេព្យកោសល្យរបស់ពួកគេរួមមាន៖ ពិធីបុណ្យនិទាឃរដូវ, ពិធីបុណ្យជនជាតិ Zhuang, ពិធីបុណ្យចូលឆ្នាំខ្មែរ, ពិធីបុណ្យពាក់កណ្តាល រដូវស្លឹកឈើជ្រុះ, ពិធីបុណ្យបទពិសោធន៍វប្បធម៌ឆ្ពោះទៅក្នុងសកម្មភាពបង្រៀនរួមមានការប្រកួតប្រជែងសូត្រកំណាព្យភាសាចិន, ការប្រកួតប្រជែង “ស្ពានភាសាចិន” សម្រាប់និស្សិតសាកលវិទ្យាល័យ និងការប្រកួតច្រៀងចំរៀងចិនជាដើម។ សកម្មភាពទាំងនេះបានក្លាយជាស្ពានតភ្ជាប់ការអប់រំភាសាចិនអន្តរជាតិនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាមួយប្រទេសចិន តាមរយៈការផ្លាស់ ប្តូរវប្បធម៌រវាងចិន និងកម្ពុជា និងជាការលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ។ សកម្មភាពទាំងអស់នេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ជាពិសេសវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលជ័យលាភីឆ្នើមនៅលើសារព័ត៌មានចិនល្បីល្បាញមួយចំនួន។
លោកស្រីសាស្រ្តាចារ្យរង NIE HUI បានបន្ថែមថា៖ ដោយសារមានការគាំទ្រគ្រប់មជ្ឈដ្ឋានរួមមានក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យជាតិបាត់ដំបង ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក គួយលីន មជ្ឈមណ្ឌលសហប្រតិបត្តិការអប់រំ និងភាសា, មូនិធិអប់រំអន្តរជាតិចិន, សហគ្រាសវិនិយោគចិន តាមរយៈការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ទើបធ្វើឱ្យវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងមានការរីកចំរើនបន្តទៅមុខជានិច្ច។ លោកស្រីបានសំណូពរឱ្យអ្នកជាប់ពាក់ព័ន្ធទាំងអស់បន្តការគាំដល់វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងឱ្យ មានការរីកចំរើន និងមានកិតិស័ព្ទល្បីល្បាញនៅក្នុងភូមិភាគពាយ័ព្យនេះ។
សូមគូសបញ្ជាក់ផងដែរថា នៅក្នុងពិធីអបអរសាទរខួបបួនឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺក៏មានរៀបចំពិធីសម្ពោធរូបសំណាកលោកគ្រូខុងជឺនៅមុខអគារវិទ្យាស្ថានខុងជឺក្នុងគោលបំណងរំលឹកដល់គុណូបការៈនៃទស្សនៈវិទូ, គ្រូបង្រៀន និងជាអ្នកនយោបាយដ៏អស្ចារ្យ និងល្បីល្បាញម្នាក់ក្នុងប្រទេសចិន ដែលបានដាក់ឈ្មោះជាផ្លូវការរបស់វិទ្យាស្ថានខុងជឺនៅសាកលវិទ្យាល័យជាតិបាត់ដំបង និងនៅទូទាំងពិភពលោក។