——————————
នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យបវេល។ គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះគឺដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាព និងសក្តានុពលនៃកម្មវិធីអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ បន្ទាប់ពីការចុះទស្សនាបរិវេណសាកលវិទ្យាល័យ បន្ទប់រៀន បន្ទប់សិក្សាពីចំងាយ មជ្ឈមណ្ឌលការងារ បណ្ណាល័យ ក៏ដូចជាការសិក្សាស្វែងយល់ពីកម្មវិធីអាហារូបករណ៍នៅក្រៅប្រទេស និងបន្ទប់ពិសោធន៍នានារួចមក ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ជាពិសេសប្អូនៗសិស្សានុសិស្សផ្ទាល់តែម្តងបានធ្វើការគូសបញ្ជាក់ថា សាកលវិទ្យាល័យជាតិបាត់ដំបងពិតជាស័ក្តិសមជាសាកលវិទ្យាល័យរបស់រដ្ឋធំជាង និងមានសក្តានុពលជាងគេប្រចាំនៅភូមិភាគពាយ័ព្យ។ សាកលវិទ្យាល័យមានបរិវេណធំទូលាយ ទេសភាពស្រស់បំព្រង បរិយាកាសសិក្សាល្អប្រកបដោយផាសុខភាព សម្ភារៈសិក្សាសម្បូរបែបហើយទំនើប បន្ទប់ពិសោធន៍នានាមានអ្នកជំនាញប្រចាំការច្បាស់លាស់ព្រមទាំងមានឧបករណ៍ និងសម្ភារៈពិសោធន៍គ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការរបស់គ្រូ និងនិស្សិត។ ប្អូនៗសិស្សានុសិស្សពិតជាមានបំណងចង់មកបន្តការសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីសម្រេចអោយបាននូវគោលដៅ និងមហិច្ឆតានាពេលអនាគតរបស់ខ្លួន។