—————————-
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ «ឧត្តមានុវត្តនៃភាពជាអ្នកដឹកនាំ» និង «លក្ខណៈសំណង់ស្ថាបត្យកម្មសម័យទំនើប»
ក្រោមអធិបតីភាពឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ កម្មវិធីសិក្ខាសាលាត្រូវបាន អញ្ជើញវាគ្មិន២រូបដើម្បីមកចែករំលែកចំណេះដឹង បទពិសោធន៍ល្អដល់និស្សិតគឺឯកឧត្តម ពឹង គិមឆេន អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ និងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោក វណ្ណ ដាវីន ជាប្រធានផ្នែកស្ថាបត្យកម្មនៃក្រុមហ៊ុនអឹម អាឃីធេក& ខនស្ត្រាក់សិន ឯ.ក ។ ឯកឧត្តម ពឹង គិមឆេន បានលើកយកប្រធានបទស្តីពី៖«ឧត្តមានុវត្តនៃភាពជាអ្នកដឹកនាំ» ដោយបានផ្តោតជាសំខាន់ទៅលើពុទ្ធិអ្នកដឹកនាំសតវត្សទី២១ ដែលស្ថិតនៅលើមុំបីគឺ សមត្ថភាព សុខភាព និងឥរិយាបថល្អ។ ដោយឡែកសម្រាប់ប្រធានបទទី២ ស្តីពី៖”លក្ខណៈសំណង់ស្ថាបត្យកម្មសម័យទំនើប” លោក វណ្ណ ដាវីន បានលើកយកការរចនាម៉ូតផ្ទៃខាងនៃសំណង់ស្ថាបត្យកម្មសម័យទំនើបសតវត្សទី២១ មានដូចជាការរចនាម៉ូតវីឡាប្រណីត ផ្ទះខ្មែរ ខុនដូរ និងសំណង់អគាររដ្ឋបាលថ្មីៗជាច្រើនទៀត ជាពិសេសការរចនាសំណង់អគារក្រសួងមហាផ្ទៃថ្មីដែលជារចនាបថថ្មីស្រឡាងបែបខ្មែរ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតក្នុងមហាវិទ្យាល័យ។