នៅថ្ងៃទីពុធ ១១កើត ដល់ថ្ងៃសុក្រសុក្រ ១៣កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បុគ្គលិកអប់រំចំនួន០៣រូបបានចូលរួមសន្និសីទអន្តរជាតិស្តីពី៖ «ក្របខណ្ឌគុណវឌ្ឍិ និងការទទួលស្គាល់គុណវឌ្ឍិ (Qualification Frameworks & Recognition of Qualifications and Credentials)» របស់គម្រោងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ក្នុងវិស័យទទួលស្គាល់ ក្នុងចំណោមបណ្តាប្រទេសអាស៊ី (Reco-ASIA Project) នៅទីក្រុងកូឡុមបូ នៃប្រទេសស្រីលង្កា

គម្រោងនេះ មានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖

១៖ ផ្តល់អនុគ្រោះ និងបង្កើនគុណភាពនៃការបើកចំហរឱកាសផ្លាស់ប្តូរគ្នា (ចល័ត) នៅក្នុងប្រព័ន្ធឧត្តមសិក្សាអាស៊ី និងអឺរ៉ុប តាមរយៈការបង្កើនការទទួលស្គាល់គុណវុឌ្ឍិអប់រំនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប

២៖ បង្កើតសមត្ថភាព និងជំនាញរបស់ខ្លួនក្នុងឋានៈជាអ្នកវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអប់រំដោយកំណត់ពីការអនុវត្តរួមគ្នា និងបង្កើតឧបករណ៍រួមគ្នានៅក្នុងចំណោមប្រទេសអាស៊ី និងអឺរ៉ុបដែលបានចូលរួម ស្ថាប័នជាតិ និងគ្រឹះស្ថានឧត្តមសិក្សា

៣៖ កសាងមូលដ្ឋានគ្រឹះដើម្បីពង្រឹង និងបង្កើនកិច្ចសហការរវាងតំបន់អាស៊ី និងអឺរ៉ុបតាមរយៈបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការដែលទទួលបាននៅក្នុងដំណើរការបូឡូញ៉ា (Bologna Process) លើជំនាញឯកទេសនៃគ្រឹះស្ថានឧត្តមសិក្សាដែលបានចូលរួម និងឧត្តមានុវត្តន៍ដែលបានអនុម័តដោយបណ្តាញមជ្ឈមណ្ឌលព័ត៌មានអឺរ៉ុប (ENIC-NARIC)

៤៖ អភិវឌ្ឍកិច្ចសហប្រតិបត្តិការ ឲ្យបានរឹងមាំក្នុងចំណោមដៃគូគោល និងដៃគូរង ពីបណ្តាប្រទេសអាស៊ី លើកកម្ពស់បទពិសោធន៍របស់ដៃគូចូលរួមនីមួយៗ ទាក់ទងនឹងការទទួលស្គាល់ ដើម្បីសម្របសម្រួលការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិតអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា គម្រោង Reco-ASIA ស្ថិតក្រោមគម្រោងកសាងសមត្ថភាពនៅគ្រឹះស្ថានឧត្តមសិក្សាដែលផ្តល់មូលនិធិដោយសហគមន៍អឺរ៉ុប(Erasmus+ CBHE) ដែលមានដៃគូសរុបចំនួន២០ និងដៃគូរងចំនួន៤។ ដៃគូទាំងនោះ មកពីប្រទេសអ៊ីតាលី កម្ពុជា អេស្តូនី ម៉ុងហ្គោលី ស្រីលង្កា ថៃ ម៉ុងហ្គោលី និងវៀតណាម។ ដោយឡែកនៅប្រទេសកម្ពុជា មានក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជា ស៊ីម កំចាយមារ។ ចំពោះព័ត៌មានលម្អិតសូមចូលទៅទស្សនាគេហទំព័រ៖ http://www.recoasia.eu/

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *