————————-
នៅព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍(ខេមបូឌា) លើកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការងារអប់រំ ស្រាវជ្រាវ និងនវានុវត្តន៍សម្រាប់បុគ្គលិក និងនិស្សិត ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិបាត់ដំបង និងលោក លី ប៊ុនទិត្យ នាយកសាខា តំណាងក្រុមហ៊ុនមេនូឡាយហ្វ៍ និងវត្តមានលោក-លោកស្រីជាថ្នាក់ដឹកនាំ មន្រ្តី នៃសាកលវិទ្យាល័យជាតិបាត់ដំបង និង លោក-លោកស្រីជាបុគ្គលិកនៃក្រុមហ៊ុនមេនូឡាយហ្វ៍ផងដែរ។ កិច្ចសហប្រតិបត្តិការនេះផ្តោត សំខាន់ក្នុងការផ្តល់ឱកាសឱ្យនិស្សិតចុះកម្មសិក្សា/ហាត់ការ និងផ្តល់ឱកាសការងារ ដល់និស្សិតក្នុងគោលបំណងរួមចំណែកការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្សក្នុងតំបន់ភូមិភាគពាយ័ព្យ។