———————————
នៅថ្ងៃអាទិត្យ-ចន្ទ ១-២ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៣ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំនិស្សិតជំនាញអក្សរសាស្ត្រខ្មែរ ស្ថាបត្យកម្ម និងវិទ្យាសាស្ត្រអប់រំ ឆ្នាំទី២និងឆ្នាំទី៣ ទៅទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅសាលាបឋមសិក្សាវត្តបូព៌ និងនៅតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ ខេត្តសៀមរាប រយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែមិថុនា ឆ្នាំ២០២៣។ ទស្សនកិច្ចសិក្សាស្រាវជ្រាវរបស់និស្សិតជំនាញវិទ្យាសាស្ត្រអប់រំ គឺបានផ្តោតជាសំខាន់ទៅលើការសិក្សាស្វែងយល់បន្ថែម ពីដំណើរការការគ្រប់គ្រងសាលារៀននៅសាលាបឋមសិក្សាវត្តបូព៌តាមរយៈការចុះអង្កេតដោយផ្ទាល់លើការគ្រប់គ្រងថ្នាក់រៀន និងវិធីសាស្រ្តបង្រៀន ព្រមទាំងនវានុវត្តន៍នៃការគ្រប់គ្រងសាលារៀន ។ ដោយឡែកសម្រាប់និស្សិតជំនាញអក្សរសាស្ត្រខ្មែរ និងជំនាញស្ថាបត្យកម្ម ទស្សនកិច្ចសិក្សាផ្តោតជាសំខាន់ទៅលើផ្នែកភាសា អក្សរសាស្ត្រ រចនាបថសិល្បៈស្ថាបត្យកម្ម ក្បាច់ចម្លាក់ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា និងរឿងរ៉ាវបែបទេវកថានានាមានដូចជារឿងរាមកេរ្តិ៍ រឿងកូរសមុទ្រទឹកដោះ រឿងមហាភារតយុទ្ធជាដើម ដោយមានការពន្យល់ណែនាំពីមគ្គុទ្ទេសក៍ បានធ្វើឱ្យនិស្សិតទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនបន្ថែមទៀតពីលើការសិក្សាផ្នែកទ្រឹស្តីនៅក្នុងថ្នាក់។