—————————————
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យជប់វារី ខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំសិស្សានុសិស្សមកទស្សនកិច្ចសិក្សា និងស្វែងយល់ពីសក្តានុពល និងជំនាញសិក្សារបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ ទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យសិស្សានុសិស្សទទួលចំណេះដឹងថ្មីៗ ស្វែងយល់ពីសក្តានុពល និងយល់ច្បាស់ពីជំនាញសិក្សារបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ សាកលវិទ្យាល័យ បានណែនាំសិស្សានុសិស្សដែលមកទស្សនកិច្ចសិក្សា ទស្សនាបន្ទប់សិក្សា មន្ទីរពិសោធន៍ ថ្នាល់បណ្ដុះរុក្ខជាតិផ្សេងៗ និងបរិស្ថានសិក្សារបស់សាកលវិទ្យាល័យ ព្រមទាំងប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញសិក្សាផងដែរ។
សូមជូនពរប្អូនៗ ឱ្យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ ទទួលបាននូវភាពជោគជ័យ និងនិទ្ទេសល្អ ព្រមទាំងសម្រេចនូវគោលបំណងប្រាថ្នាក្នុងការជ្រើសរើសជំនាញត្រឹមត្រូវដើម្បីអនាគតរបស់ប្អូនៗ។