——————————–
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីសម្ភោធមជ្ឈមណ្ឌលការងារ USAID ជាផ្លូវការណ៍ ដែលជាមជ្ឈមណ្ឌលការងារដំបូងគេក្នុងខេត្តបាត់ដំបងក្រោមគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថល។ គម្រោងនេះបានផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងចំនួន១៨រូប សិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន។ ពិធីសម្ភោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ លោកស្រី KERRY PELZMAN នាយកបេសកកម្ម និងជាអនុប្រធានជំនួយការអ្នកគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងមានវត្តមានឯកឧត្តមអភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងនិស្សិតចូលរួមប្រមាណជាង២០០រូប។ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការ បានថ្លែងសុន្ទរកថាបើកកម្មវិធីដោយបានបង្ហាញអំពីសក្ដានុពលរបស់សាកលវិទ្យាល័យ និងអត្ថប្រយោជន៍នៃមជ្ឈមណ្ឌលការងារសម្រាប់សិស្សនិស្សិតទូទាំងភូមិភាគពាយ័ព្យនិងទូទាំងប្រទេស នឹងការបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីអាមេរិក។ ក្នុងនោះផងដែរ លោកស្រី KERRY PELZMAN ក៏បានសម្ដែងនូវក្ដីរំភើបរីករាយចំពោះការសហការគ្នារវាងភាគីទាំង២ កិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងលើកទឹកចិត្តចំពោះនិស្សិតទាំងអស់ និងសម្ដែងការគាំទ្រចំពោះដំណើរការដ៏មានផ្លែផ្ការបស់មជ្ឈមណ្ឌលការងារ។នៅក្នុងពិធីសម្ភោធនេះផងដែរ ក៍មានការចូលរួមតាំងពិព័រណ៌ការងារពីសំណាក់ក្រុមហ៊ុនដៃគូសំខាន់ៗរួមមាន ក្រុមហ៊ុន Cellcard ធនាគារ FTB ធនាគារ Aceleda ធនាគារ Phillips ធនាគារ Canadia ក្រុមហ៊ុន MISOTA ក្រុមហ៊ុន Manulife ធនាគារ Wing ធនាគារ Sathapana និងក្រុមហ៊ុនDai-Chi ផងដែរ។
——————————–
ភ្ជាប់ទំនាក់ទំនងជាមួយយើង:
– Facebook: facebook.com/nubb.cambodia
– Telegram: t.me/nubbedukh
– IG: instagram.com/nubb.cambodia/
– YouTube:
– Website: www.nubb.edu.kh