—————————
នៅថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូសាកលវិទ្យាល័យតូក្យូតិច (Tokyo Tech) ប្រទេសជប៉ុន និងអង្គការចាយការ (JICA) ប្រចាំនៅកម្ពុជា មកកាន់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលដឹកនាំដោយលោកសាស្រ្តាចារ្យបណ្ឌិត Jun-ichi Takada, សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យតូក្យូតិច (Tokyo Tech) ប្រទេសជប៉ុន។ នៅក្នុងដំណើរទស្សកិច្ចនេះ ក៏មានបទបង្ហាញពីសាកលវិទ្យាល័យជាតិបាត់ដំបង និងជំនួបពិភាក្សាស្តីការកៀរគរមូលនិធិសម្រាប់គម្រោងបន្តបន្ទាប់ និងការជួយជ្រោមជ្រែងសាកលវិទ្យាល័យជាតិបាត់ដំបង លើផ្នែកបច្ចេកវិទ្យា និងវិស្វកម្ម ព្រមទាំងការជួយក្នុងការផ្គូរផ្គងក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនដើម្បីធ្វើការវិនិយោគលើការស្រាវជ្រាវរួមគ្នាផងដែរ។ សូមជម្រាបផងដែរថា ស្ថិតក្រោមគម្រោងលើកម្ពស់ការអប់រំ និងការស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា(LBE) អង្គការចាយការបានជួយបំពាក់នូវបច្ចេកវិទ្យា Server ដែលមានសមត្ថភាពខ្ពស់ និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណិត និងការបញ្ជូនមន្រ្តីជំនាញរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមកធ្វើការបណ្តុះបណ្តាលដល់មន្រ្តីសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។