(រាជធានីភ្នំពេញ)៖ លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំចំនួន០៥រូបរួមមាន៖ លោកយឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោកទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោកហួ រី ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ លោក អ៊ឹម គួយ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ និងលោកឯម ដារ៉ា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចូលរួមកិច្ចប្រជុំគ្រប់គ្រងគម្រោង និងទស្សនកិច្ចសិក្សាលើកទី៣ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទស្សនកិច្ចសិក្សាលើកទី៣នេះមានគោលបំណងស្វែងយល់ពីប្រព័ន្ធអប់រំ និងវប្បធម៌ ក៏ដូចជាការចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធន៍ទាក់ទងនឹងវិធីសាស្រ្តបង្រៀន និងការរៀបចំកម្មវិធីអប់រំរបស់សាកលវិទ្យាល័យជាដៃគូនៅក្នុងគម្រោង។ ឯកសាររៀន និងបង្រៀនជំនាញបំណិនសតវត្សរ៍ទី២១មួយចំនួនដូចជា ជំនាញដោះស្រាយបញ្ហាប្រកបដោយកិច្ចសហការ ជំនាញរិៈគិតស៊ីជម្រៅ ជំនាញបរិវត្តកម្មឌីជីថល និងជំនាញវាយតម្លៃការរៀន និងបង្រៀននៅសតវត្សរ៍ទី២១ នឹងត្រូវចែករំលែកនៅគេហទំព័រផ្លូវការ (https://www.21stteachskills.eu/)របស់គម្រោងនាពេលខាងមុខនេះ។ សាកលវិទ្យាល័យជាតិបាត់ដំបងបានបញ្ចូលជំនាញទាំងនេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់និស្សិត ស្របតាមផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ ផែនការយុទ្ធសាស្រ្តជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោកស្រីសាស្រ្តាចារ្យបណ្ឌិត Katerina Tasidou អ្នកសម្របសម្រួលគម្រោងនេះបានមានប្រសាសន៍ថាមូលហេតុដែលគម្រោងជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជាជាទីកន្លែងធ្វើទស្សនកិច្ចសិក្សាលើកទី៣ដោយសារប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន មានវប្បធម៌រុងរឿង មាន បរិស្ថានស្រស់ស្អាត និងមានសុខសន្តិភាពនៅក្នុងតំបន់។
សូមបញ្ជាក់ថា គម្រោងជំនាញបង្រៀននៅសតវត្សរ៍ទី២១(Erasmus+ CBHE 21st Teach Skills) នេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍នៃការ កសាងសមត្ថភាពនៅក្នុងវិស័យឧត្តមសិក្សាដោយបានទទួលការការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អឺរ៉ុប ដែលមានដៃគូចំនួន៦ប្រទេសរួមមាន៖ ប្រទេសក្រិក (សាកលវិទ្យាល័យអៃអូនីណា) ប្រទេសលីទុយអានី (សាកលវិទ្យាល័យក្លៃប៉េដា) ប្រទេសលុចសំបួរ (ក្រុមហ៊ុនណូវែលគ្រុប) ប្រទេសកម្ពុជា (សាកលវិទ្យា ល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យជាតិបាត់ដំបង) ប្រទេសចិន (សាកលវិទ្យាល័យសៅវិស និងសាកលវិទ្យាល័យសិនហ្សិន) និងប្រទេសឥណ្ឌា(សាកលវិទ្យាល័យអន្តរជាតិស៊ីមប៊ីស៊ីស និងសាកលវិទ្យាល័យបាណាសថាលីវិទ្យាពិត)៕