ថ្ងៃចន្ទ-អង្គារ ១២-១៣ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមធ្វើជាអធិបតីភាពក្នុងសិក្ខាសាលាអន្តរជាតិស្តីពី៖ ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំក្រុងនៅខេត្តបាត់ដំបង។ សិក្ខាសាលានេះបានរៀបចំឡើងក្រោមកិច្ចសហការដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យជាតិបាត់ដំបង សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកលវិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់អុកស៊ីតានីនៃសាធារណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង ។
សិក្ខាសាលាក៏បានលើកយកប្រធានបទសំខាន់ៗ មកធ្វើបទបង្ហាញចែករំលែកចំណេះដឹងថ្មីៗដល់អង្គសិក្ខាសាលាទាំងមូល។ យើងដឹងហើយថាការអភិរក្សសំណង់បេតិកភណ្ឌក្រុងបាត់ដំបង ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជំនាន់ក្រោយបានយល់ដឹង និងបានរៀនសូត្រអំពីប្រវត្តិសាស្ត្រ ដើមកំណើត និងវប្បធម៌របស់ខេត្តបាត់ដំបង ជាពិសេសបានលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្នុងតំបន់ និងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ខណៈដែលក្រុងបាត់ដំបងមានសំណង់ផ្ទះខ្មែរ សំណង់ផ្ទះល្វែង ដែលមានរចនាបថសម័យអាណានិគមបារាំង សំណង់អគាររដ្ឋបាលខេត្ត ផ្សារណាត់ ស្ពានបុរាណ វត្តអារាមនិងសំណង់ព្រះវិហារបុរាណជាច្រើនកន្លែងថែមទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនា និងសិក្សាស្វែងយល់ពីលក្ខណៈសំណង់ទាំងនោះ៕