បាត់ដំបង៖ សាកលវិទ្យាល័យជាតិបាត់ដំបងបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំទស្សនកិច្ចសិក្សាលើកទី២របស់គម្រោងសារព័ត៌មានលើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development Goals (SDGs) Journalism Reporting) ដែលបានគាំទ្រដោយកម្មវិធីសហគមន៍អឺរ៉ុប (Erasmus+ Programme of the European Union) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ដើម្បីតាមដានការវិវឌ្ឍន៍របស់គម្រោង ពិនិត្យមើលកម្មវិធីបណ្តុះបណ្តាលផ្នែកសារព័ត៌មាន និងផ្សពផ្សាយកម្មវិធីបណ្តុះបណ្តាលនេះដល់សិស្សនិស្សិតនិងអ្នកសារព័ត៌មានទូទៅ ដើម្បីឱ្យពួកគាត់បានចូលរួមផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព (Sustainable Development Goals) របស់អង្គការសហប្រជាជាតិ ដែលកំពុងយកចិត្តទុកដាក់ពីបណ្តាប្រទេសជាច្រើនក្នុងសកលលោក។

កិច្ចប្រជុំនេះមានអ្នកចូលរួមថ្នាក់ជាតិនិងអន្តរជាតិចំនួន ៥០នាក់ រួមមានសាកលវិទ្យាល័យដៃគូចំនួន៦ក្នុងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ដូចជា មកពីប្រទេសម៉ាឡេស៊ី ចិន លុចសំប៊ួរ រ៉ូម៉ានី និងអេស្ប៉ាញ។ ក្នុងនោះផងដែរក៏មានការចូលរួមពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មន្ទីរព័ត៌មានខេត្តបាត់ដំបង មន្ត្រីរាជការ និងនិសិ្សតរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ កិច្ចប្រជុំនេះបានទទួលលទ្ធផលប្រកបដោយផ្លែផ្កា ដោយបានសម្រេចឱ្យសាកលវិទ្យាល័យជាតិបាត់ដំបងចាប់ដំណើរការបណ្តុះបណ្តាលផ្នែកសារព័ត៌មាន ដល់និស្សិតនិងអ្នកសារព័ត៌មាននានា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣។

គោលបំណងកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹងនិងជំនាញផ្នែកសារព័ត៌មានដល់និស្សិតនិងអ្នកសារព័ត៌មាន ដើម្បីឱ្យទៅជាក្លាយជាធនធានមនុស្សចូលរួមអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់លើកកម្ពស់គុណភាពអប់រំ សុខមាលភាពរបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍផ្សេងៗទៀត ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *