នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថាស្តីពី៖ «ឈ្វេងយល់ពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងឯកឧត្តម លីវ ជឺជា អគ្គកុងស៊ុលស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងធ្វើបាឋកថាដោយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ បាឋកថានេះមានគោលបំណងបង្កើនចំណេះដឹង និងឈ្វេងយល់ពីការដឹកនាំប្រទេស និងការកសាងសង្គមមួយដែលមានជីវភាពធូរធារកម្រិតមធ្យមលើគ្រប់វិស័យ និងបានដោះស្រាយបញ្ហាភាពក្រីក្រជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសចិន។



