—————————–
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញចូលរួមបើកកិច្ចពិភាក្សាលើគម្រោងអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់ការបង្រៀន និងរៀនភាសាថៃ កម្រិតបរិញ្ញាបត្រ នៅសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សាកលវិទ្យាធិការបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបណ្តុះបណ្តាលវគ្គសិក្សាខ្លីភាសាថៃកន្លងមក។ សូមជម្រាផងដែរថា ដោយមានការគាំទ្រយ៉ាងយកចិត្តទុកដាក់ពីស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ក៍ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) រួមទាំងសាកលវិទ្យាល័យ រ៉ាំផៃ បានី រាចាផាត់ (RBRU) ដែលបានសហការគ្នាយ៉ាងស្អិតរមួតក្នុងការបង្កើតដេប៉ាតឺម៉ង់ភាសាថៃ ដើម្បីបណ្តុះបណ្តាលវគ្គសិក្សាខ្លីភាសាថៃ និងឈានទៅកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិបាត់ដំបង។ ជាការឆ្លើយតប ភាគីថៃនឹងបន្តជួយគាំទ្ររាល់សកម្មភាពនានានៃគម្រោងនេះ តាមរយៈការបញ្ជូនធនធានសាស្រ្តាចារ្យជនជាតិថៃ និងបំពាក់់សម្ភារៈបច្ចេកទេសនានាសម្រាប់ការបង្រៀន និងរៀនភាសាថៃផងដែរ។