——————————–
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សារបស់ ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈដឹកនាំសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីស្តាប់ស្ថានការណ៍ និងស្វែងយល់ពីស្ថានភាពនៃសាកលវិទ្យាល័យ ព្រមទាំងដើម្បីពិភាក្សាលើការងារអភិវឌ្ឍយុវជនក្នុងក្របខណ្ឌការងារស្ម័គ្រចិត្ត និងតួនាទី ស.ស.យ.ក. ក្នុងការផ្តល់ឱកាសនានាដល់យុវជន ក៏ដូចជានិស្សិតនៅសាកលវិទ្យាល័យ។ បន្ទាប់ពីជំនួបជាមួយគណៈដឹកនាំសាកលវិទ្យាល័យនេះ ឯកឧត្តមប្រធាន បានបន្តជួបជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាស័ម្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង។
នាឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងបានធ្វើការរាយការណ៍បង្ហាញពីសកម្មភាពដែលសម្រេចបានកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រកបដោយឆន្ទៈ និងស្មារតី ជាពិសេសលើការងាររួមចំណែកជំរុញការយល់ដឹងពីតួនាទីរបស់យុវជនដើម្បីសង្គមជាតិ និងការពង្រឹងភាពជាអ្នកដឹកនាំដល់ប្អូនៗនិស្សិត ក្នុងការក្លាយខ្លួនជាដំណោះស្រាយសម្រាប់សង្គមជាដើម។
ឯកឧត្តមបានគូសបញ្ជាក់ថាវត្តមាន ស.ស.យ.ក. នៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាចលករដ៏សំខាន់ក្នុងការគាំទ្រ លើកទឹកចិត្តយុវជនមានបណ្តុះភាពជាអ្នកដឹកនាំ ដើម្បីជាធនធានសម្រាប់ជាតិ។ ជាមួយគ្នានេះ តាមរយៈសកម្មរបស់ ក.យ.គ. ក្រុមនិស្សិតបានចូលរួមយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីក្នុងការលើកតម្កើងកិច្ចការស្ម័គ្រចិត្ត និងអភិវឌ្ឍន៍សមត្ថភាព និងបទពិសោធន៍របស់និស្សិតទូទាំងសាកលវិទ្យាល័យ។
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. រួមជាមួយវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក. ឯកឧត្តម សេង ផល្លី អនុប្រធានអចិន្ត្រៃយ៍ក.យ.គ. ឯកឧត្តមសុខ ឃន សាកវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ព្រមទាំងគណៈដឹកនាំ សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និស្សិត ជាសមាជិកស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង សរុបប្រមាណ៥០០នាក់។