————————
នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ លោក ទេព នាវា សាកលវិទ្យាធិការរងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារ និងអានអនុក្រឹត្យស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងសុន្ទរកថា និងមតិសំណេះសំណាលជូនដល់អង្គពិធីផងដែរ។ គួររំលឹកផងដែរថា សមាសភាពក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបងរួមមាន៖
១. ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា (ប្រធាន)
២. ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង (សមាជិក)
៣. ឯកឧត្តម ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង (សមាជិក)
៤. លោក ជា ម៉េង ប្រធានការិយាល័យថវិកាវិស័យសង្គមកិច្ចទី១ នៃនាយកដ្ឋានថវិកានីយកម្មនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (សមាជិក)
៥. លោក ទេព នាវា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង (សមាជិក)