សិក្ខាសាលាស្តីពី៖ “ទឹកស្អាត អនាម័យ និងការសម្អាត”
_____________________________________
នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញបើកសិក្ខាសាលាស្តីពី៖ “ទឹកស្អាត អនាម័យ និងការសម្អាត” ដែលសិក្ខាសាលានេះធ្វើបទបង្ហាញដោយលោកសាស្រ្តាចារ្យ អ៊ីកណាស៊ី រ៉ូឌ្រីហ្គ្រេ រ៉ូដា( Prof. Dr. Ignasi Rodriguez-Roda) ប្រធានគម្រោង Erasmus+ INOWASIA និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យជីរ៉ូណា (University of Girona) ប្រទេសអេស្បាញ និងលោក ម៉ក់ សុខា អ្នកគ្រប់គ្រងកម្មវិធីប្រព័ន្ធទឹកស្អាត អនាម័យ និងការសម្អាត (WASH) របស់អង្គការ WaterAid ប្រចាំនៅកម្ពុជា។ សិក្ខាសាលានេះរៀបចំឡើងស្ថិតក្រោមក្របខណ្ឌនៃគម្រោងកសាងសមត្ថភាពErasmus+ INOWASIA នឹងដោយបានសហការជាមួយក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា(ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង និងអង្គការWaterAid ប្រចំាកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់យុវជនកម្ពុជានិយាយជារួម ពិសេសនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងលើការថែរក្សាអនាម័យ ទឹកស្អាត និងបញ្ហាផ្សេងៗទាក់ទងនឹងទឹក ដូចជា គុណភាពទឹក ជំងឺផ្សេងៗដែលបង្កឡើងដោយទឹកជាដើម ដើម្បីគាំពារសុខមាលភាពនិងសុខភាពរបស់និស្សិត ជាពិសេសយុវជននៅតំបន់ភូមិភាគពាយ័ព្យ។ ទន្ទឹមនឹងនេះសិក្ខាសាលានេះមានបំណងផ្តល់ព័ត៌មានដល់និស្សិត អំពីសកម្មភាពគម្រោងអភិវឌ្ឍនានារបស់សាកលវិទ្យាល័យសំដៅដោះស្រាយបញ្ហាប្រឈមសង្គមសេដ្ឋកិច្ច និងឱកាសការងារក្នុងវិស័យទឹក និងអនាម័យ។