កាលពីព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២ សាកលវិទ្យាល័យជាតិបាត់ដំបង និងអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាល លើប្រធានបទ« ការជម្រុញការយល់ដឹងក្នុងវិស័យមូលបត្រ » ជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ឯកឧត្តម វិន ភក្តី អគ្គនាយករង និយ័តករមូលបត្រកម្ពុជា លោកបណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុនមូលបត្រអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។ នាឱកាសនេះ ឯកឧត្តម សាកលវិទ្យាធិការ បានលើកឡើងពីសក្តានុពលរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងសម្តែងនូវការគាំទ្ររាល់សកម្មភាពបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង។
សូមបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ មានការចូលរួមពីនិស្សិតរបស់សាកលវិទ្យាល័យជាតិបាត់ដំបងចំនួន៤០០នាក់ និងមានវាគ្មិនមកពីក្រុមហ៊ុនមូលបត្រអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី និងក្រុមហ៊ុនទីផ្សារមូលបត្រកម្ពុជា ដែលញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ។