—————————————–
នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាស្ថាបនិកសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង សរុបចំនួន៦០៤នាក់ ស្រី ៣១០នាក់ ដែលពិធីនេះរៀបចំឡើងនៅសាលសន្និសីទមហានគរ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនានារបស់សាកលវិទ្យាល័យជូនដល់ សម្តេចក្រឡាហោម ប្រធានគណៈអធិបតីផងដែរ។ នៅក្នុងឱកាសពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ ព្រមទាំងគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក គ្រូបង្រៀន និងនិស្សិតជយ័លាភីបានចូលរួមផងដែរ៕