កាលពីព្រឹក ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ប្រធាននិងអនុប្រធានសមាគមអតីតនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ទទួលបានការអនុញ្ញាតពីឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ចូលជួបពិភាក្សាលើការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់សមាគមអតីតនិស្សិត។
តាមរយៈជំនួបពិភាក្សា លោកប្រធានអតីតនិស្សិតទទួលបាននូវការលើកទឹកចិត្តខ្ពស់ពីឯកឧត្តមសាកលវិទ្យាធិការក្នុងដំណើរការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យជាតិបាត់ដំបង និងជម្រុញឱ្យសមាគមអតីតនិស្សិត មានដំណើរការប្រកបដោយឆន្ទៈមុតមាំ និងស្វាហាប់ ។ ទន្ទឹមនឹងនេះ ឯកឧត្តមសាកលវិទ្យាធិការ ក៏បានគាំទ្រនូវការអនុវត្តផែនការអភិវឌ្ឍន៍របស់សមាគមអតីតនិស្សិតដែលនឹងលេចចេញជាសកម្មភាព នាពេលខាងមុខផងដែរ ។


