នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស.២០៥៦៦ ត្រូវនឹងថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០២២ សកលវិទ្យាល័យជាតិបាត់ដំបងនិងវិទ្យាស្ថានខុងជឺបានប្រារព្ធពិធីពិពរណ៍ការងារ រួមគ្នាដើម្បីផ្ដល់ ឱកាសការងារដល់និស្សិតឆ្នាំទី៣ និងទី៤ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ។
នាឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តម សុខ ឃន បានមានប្រសាសន៍ថា ពិធីពិពរណ៍ការងារ ជាការបើកឱកាសយ៉ាងធំមួយឱ្យអ្នកផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងក្រុមហ៊ុនបានជួបគ្នាដើម្បីបំពេញត្រូវការគ្នាទៅវិញទៅមក។ពិពរណ៍ការងារក្នុងថ្ងៃនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងភាពដៃគូដ៏មានសក្តានុពលដែលត្រូវធ្វើរួមគ្នាជាបន្តបន្ទាប់ និងកាន់តែល្អ និងទូលំទូលាយជាងមុន។
នាឱកាសនេះផងដែរ នាយកវិទ្យាស្ថានខុងជឺ ក៏បានកើតសរសើរពីសក្តានុពលរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការផ្តល់ឱកាសឱ្យធនធានមនុស្សមានសក្តានុពលរបស់កម្ពុជា ទៅដល់ក្រុមហ៊ុននានាដែលមានតម្រូវការ។
សួមបញ្ជាក់ថា ពិធីពិពរណ៍ការងារ មានការចូលរួមពីតំណាងបណ្តាក្រុមហ៊ុនដ៏មានសក្តានុពលក្នុងខេត្តបាត់ដំបងចំនួន៦ និងនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងប្រមាណជាង២០០នាក់។