ឯកឧត្តម សុខ លូ អញ្ជើញថ្លែងបាឋកថាស្តីពី “ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តបាត់ដំបង “ ជូនដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង

ព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី និងថ្លែងបាឋកថាស្តីពី “ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តបាត់ដំបង “ ជូនដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅសាលប្រជុំសាកលវិទ្យាល័យជាតិបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងពី វឌ្ឍនភាព នៃការការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសគឺក្នុងខេត្តបាត់ដំបង ដោយផ្តោតសំខាន់ទៅលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ (គ.ជ. អ. ប) សម្រាប់ការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាយន្តការអន្តរក្រសួងសម្រាប់ ការលើកកម្ពស់ តាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ចក្ខុវិស័យក្នុងរយៈពេល១០ឆ្នាំខាងមុខ គឺប្រជាពលរដ្ឋនឹងទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដើម្បីរួមចំណែកសម្រេចឱ្យបាននូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តម បានបន្តលើកឡើងអំពីការប្រតិភូកម្មអំណាច និងការផ្ទេរមុខងារមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមមានការផ្ទេរមុខងារ ការគ្រប់គ្រងសំរាម សំណល់រឹងដែល ត្រូវបានផ្ទេរមករដ្ឋបាលក្រុង ស្រុក ការគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ ផ្ទេរមកឱ្យរដ្ឋបាលខេត្ត និងការគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ដូចបច្ចុប្បន្ននេះ មន្ទីរសុខាភិបាលខេត្ត គឺចំណុះឱ្យរដ្ឋបាលខេត្ត គឺជាអង្គភាពមួយរបស់រដ្ឋបាលខេត្ត និងមុខងារការគ្រប់គ្រង ការអប់រំបឋមសិក្សា អបរំកុមារតូច និងក្រៅប្រព័ន្ធ គឺបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤ នៃខេត្តបាត់ដំបង ។

ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀត ពីការងារអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សង្គម នៅក្នុងខេត្តបាត់ដំបង ជាពិសេសក្នុងក្រុងបាត់ដំបង ដោយខេត្តបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានបង្កើតអនុគណៈកម្មការចំនួន២ សម្រាប់ធ្វើកិច្ចការងានេះផងដែរ ។

ឯកឧត្តម ក៏បានលើកឡើងពីការទាក់ទាញ និងការចាប់អារម្មណ៍ ពីភ្ញៀវជាតិ អន្តរជាតិ សម្រាប់ការអភិវឌ្ឍបន្ថែមវិស័យទេសចរណ៍ នៅក្នុងខេត្តផងដែរ និងការរៀបចំ ការពង្រឹងបន្ថែមទៅវិស័យកសិកម្ម នៅក្នុងខេត្តបាត់ដំបង ទាំងការផ្សព្វផ្សាយ និងការងារបច្ចេកទេសកសិកម្ម ។

នៅក្នុងនោះផងដែរ ឯកឧត្តម ក៏មានការបកស្រាយ នូវសំណួរ ក៏ដូចជាសំណូមពរជាច្រើន របស់ សមណនិស្សិត សាស្ត្រាចារ្យ ព្រមទាំងនិស្សិត ដែលបានលើកឡើង ក្នុងបទបាឋកថានេះផងដែរ ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *