នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមសុខ ឃន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិ បាត់ដំបងភាគីកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រភាសាចិន និងបើកវគ្គសិក្សាថ្មីភាសាចិននៅវិទ្យាល័យពេជ្រចិន្តា ដែលស្ថិតនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បន្ទាប់ពីធ្វើការអបអរសាទរដល់ក្មួយៗសិស្សានុសិស្ស ដែលបានបញ្ចប់វគ្គសិក្សាភាសាចិនដោយជោគជ័យរួចមក ឯកឧត្តមសាកលវិទ្យា ធិការបានធ្វើការចែករំលែក បទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រង និងដឹកនាំអង្គភាពអប់រំ ដល់ថ្នាក់ដឹកនាំវិទ្យាល័យពេជ្រចិន្តា លោកគ្រូ អ្នកគ្រូ ក្នុងនាមជាចាស់ព្រឹទ្ធាចារ្យមួយរូបដែលធ្លាប់បានឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនក្នុងការគ្រប់គ្រងស្ថាប័នអប់រំ ជាពិសេសការពង្រឹងគុណភាពអប់រំតែម្តង។ សាកលវិទ្យាល័យជាតិបាត់ដំបងមិនត្រឹមតែធ្វើការពង្រឹងគុណភាពរបស់ខ្លួន និងអភិវឌ្ឍខ្លួនប៉ុណ្ណោះទេ សាកលវិទ្យាល័យថែមទាំងបានធ្វើការសហការជាមួយដៃគូរបស់ខ្លួនដើម្បីចូលរួមចំណែកធ្វើការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងសហគមន៍នានាទៀតផង។ ជាក់ស្តែង សាកលវិទ្យាល័យជាតិបាត់ដំបងបានធ្វើការសហការជាមួយ សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិចគួយលីងនៃប្រទេសចិន និងវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងពង្រីកការ បណ្តុះបណ្តាលភាសាចិននៅតាមវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង និងខេត្តដ៏ទៃទៀតផងដែរ។
ពិធីប្រគល់វិញ្ញាបនបត្រភាសាចិន និងបើកវគ្គសិក្សាថ្មីភាសាចិននៅវិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង
ផ្សាយនៅ ខែមិថុនា 7, 2022