នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីនបានសហការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងប្រចាំឆ្នាំ២០២២។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗរួមមាន របាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២១ របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ ផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ និងផែនការសកម្មភាពមួយចំនួនទៀត។ បច្ចុប្បន្ននេះ វិទ្យាស្ថានបានបង្កើតថ្នាក់រៀនភាសាចិនចំនួនបួនកន្លែងផេ្សងទៀតរួមមាន៖ នៅក្នុងក្រុមហ៊ុនវិនិយោគចិនចំនួនពីរ វិទ្យាល័យពេជ្រចិន្តា និងសាកលវិទ្យាល័យជាតិមានជ័យ។ វិទ្យាស្ថានបាន បណ្តុះបណ្តាលវគ្គខ្លីភាសាចិនគ្រប់កម្រិតដល់និស្សិតចំនួនជាង១០០០នាក់ និងបានបណ្តុះ បណ្តាល ថ្នាក់បរិញ្ញាបត្រភាសាចិនដល់ និស្សិតចំនួន ៤០ រូប នៅក្នុងដេប៉ាតឺម៉ង់ភាសាចិននៃវិទ្យាស្ថានភាសាបរទេស។ វិទ្យាស្ថានក៍បានបញ្ជូលកម្មវិធីអប់រំភាសាចិនទៅក្នុងប្រព័ន្ធសិក្សាក្រេឌីតរបស់សាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។ សូមរំលឹកដែរថាសាកលវិទ្យាល័យជាតិបាត់ដំបងនិង សាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន បានរួមគ្នាបង្កើតវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន៩រូប រួមមាន៖ (១) ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងជាសហប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង (២) លោកសាស្រ្តាចារ្យ ហ្ស៊ី ហក់រួយ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង (៣) លោកស្រីសាស្រ្តាចារ្យរង នែ ហួយ នាយកគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាភិបាល និងជាអនុលេខាធិការនៃគណៈកម្មាធិការគណៈបក្ស ប្រចាំសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន(៤) លោកស្រីសាស្រ្តាចារ្យរង វ័ង យៀក ប្រធានដេប៉ាតឺម៉ង់សហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន(៥) លោកស្រីសាស្រ្តាចារ្យរង តឹង យៀនចិន អនុប្រធានដេប៉ាតឺម៉ង់សហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរនៃសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីន(៦) លោកសាស្រ្តាចារ្យ អ៊ី យ៉ុងជុង នាយកវិទ្យាស្ថានខុងជឺភាគីចិន និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ (៧) លោកបណ្ឌិតសំ រ៉ានី សាកលវិទ្យាធិការរង និងជានាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា (៨) លោក ទេព នាវា សាកលវិទ្យាធិការរង និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និង (៩) លោក ញាណ វត្ថនា នាយកវិទ្យាស្ថានភាសាបរទេស និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ។
ក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣
ផ្សាយនៅ ខែឧសភា 13, 2022