ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តរបស់សាកលវិទ្យាល័យជាតិបាត់ដំបង
————————————-
នៅរសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ “ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តរបស់សាកលវិទ្យាល័យជាតិបាត់ដំបង”។ សូមជម្រាបផងដែរ ថាសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំសន្និបាតរបស់ខ្លួនរយៈពេលពីរថ្ងៃ គឺកាលពីថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃសន្និបាតរយៈពេលពីរថ្ងៃកន្លងទៅនេះជូនឯកឧត្តមប្រធានគណៈអធិបតី។ ក្នុងពិធីនេះផងដែរ ឯកឧត្តមប្រធានគណៈអធិបតី បានធ្វើការវាយតម្លៃខ្ពស់ និងកោតសសើរនូវលទ្ធផល និងសមិទ្ធផលនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោយដាក់ចេញនូវកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យ។